រដ្ឋមន្ត្រីក្រសួងការងារ ណែនាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបនៅអូស្ត្រាលី និង​នូវែលសេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ណែនាំ​ដល់ក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយក​វាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ ការលើក​ឡើង​របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិតដែល​ត្រៀម​ចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅទីស្ដីការក្រសួង​ការងារ នាព្រឹកថ្ងៃ​ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី និង​នូវែលសេឡង់មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយ​បណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជា ជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយ​អូស្ត្រាលី​លើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការទៅសិក្សារៀនសូត្រនៅទីនោះមានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំប្រឹងប្រែងចាប់យក​ឱកាសនេះឱ្យបាន។ ឯកឧត្តមបានបន្តថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរឱ្យ​តែ​លើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្សយកមកជួយ​អភិវឌ្ឍន៍​ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាង សង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឱ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិឱ្យមានការអភិវឌ្ឍតទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានរម្លឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើ​ប្រទេស​កម្ពុជានាសម័យអ៊ុនតាក់  និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុង​នោះ អូស្ត្រាលីជាប្រទេសមុនគេមួយដែរ ដែលចូលមកជួយកម្ពុជា ក្នុងសម័យផ្ដួល​រំលំ​របបខ្មែរ​ក្រហម។ ទន្ទឹមនេះ រដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែងក្នុងការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្សសម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្នបានក្លាយ​ជាធនធានដ៏មានតម្លៃមួយសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានដាស់តឿនដល់ គ្រប់និស្សិតកម្ពុជាដែល​ចេញទៅ​សិក្សានៅក្រៅប្រទេស​ត្រូវមានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឱ្យទៅរៀន យ៉ាង​ណា ក៏ត្រូវតបស្នងវិញ​ខ្លះ​ដែរ ធ្វើម៉េចឱ្យបានលទ្ធផលពិតប្រាកដ យកមកជួយជាតិវិញ។

បើតាមលោក ទៀប សុត្ថា បានឱ្យដឹងថា ជ័យលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមាន​មន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ០១នាក់ និងមានបុគ្គលិក​ឯកជន​ចំនួន ១១នាក់។ លោកបានបន្ដថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយ ក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅ​ពីកម្ពុជា មាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។

ឯកឧត្តម អ៊ិត សំហេង បានបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំ​បាច់​ណាស់ ព្រោះឥឡូវយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បី​អភិវឌ្ឍន៍​​ឱ្យ​ទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម៤.០។ ឯកឧត្តមក៏បានលើកឡើង​អំពីវឌ្ឍន​ភាព​លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាជូនដល់ក្រុមនិស្សិត ដែល​ក្រសួង​បានខិតខំកន្លងមក និងបន្តខិតខំសម្រាប់អនាគតទៅមុខទៀតផងដែរ៕

ដោយ ប៊ុនរិទ្ធ