វគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

AKP ព្រះសីហនុ​ ថ្ងៃទី០៨ ខែកញ្ញា ​​ឆ្នាំ២០២០–

ព្រឹកថ្ងៃ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ។

លោក គង់ វិតាណៈ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ បំពេញការងារស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការបំពេញការងារតាមអាណត្តិរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់របស់ខ្លួន ហើយបេសកកម្មនេះដើម្បីបម្រើផលប្រយោ ជន៍ទូទៅក្នុងឃុំ-សង្កាត់ និងជាភ្នាក់ងារតំណាងរាជរដ្ឋាភិបាល ។

លោក អភិបាលរងខេត្តបានបន្តថា ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការដំណើរការរយៈពេល ១៨ឆ្នាំរួចមកហើយ ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួនជាបន្តបន្ទាប់ ពិសេសអនុវត្តន៍តាមអភិក្រមទាំង ៥ របស់សម្ដេចតេជោ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ។ វគ្គបណ្ដុះបណ្ដាលនេះ ជាធាតុចូលបន្ថែមទៀតក្នុងការបំពេញតួនាទី និងមុខងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងមូលដ្ឋាន ៕ ដោយងូ សុមុនី