កិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗ

AKP កំពង់ធំ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ នៃកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង៩ នាព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសារាចរណែនាំសម្រាប់អនុវត្តន៍ជាអចិន្ត្រៃយ៍លេខ 0៩ ស រ ណ ន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៣ របស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វារទសមាសបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ។

ឯកឧត្តម ញឹក បានខេង បានលើកឡើងពីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយមាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់បុណ្យកឋិនទានមានរយៈពេលកំណត់២៩ថ្ងៃ ដោយវត្តនីមួយៗទទួលបានតែអង្គកឋិនមួយដង ជាទានដែលផល្លានិសង្ឃខ្ពស់ទាំងឡាយ តែងមានសទ្ធាជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ បុណ្យកឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍សង្កត់ធ្ងន់ដល់អភិបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការរីករាលដាលនៃជំងឺកូវិដ-១៩ ដល់បងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាននៅ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលគាត់អញ្ជើញមកពីទីជិតទីឆ្ងាយឱ្យបានប្រសើរឡើងថែមទៀត។ ជាពិសេសអភិបាលក្រុង ស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដានវត្តណា នៅតំបន់ដាច់ស្រយាលដែលខ្វះចង្ហាន់ និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះវត្តនោះ ដើម្បីឱ្យមានចង្ហាន់គ្រប់គ្រាន់សម្រាប់ព្រះសង្ឃ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវជួយរក្សានូវព្រៃឈើ ទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងដែលកើតឡើងតាមមូលដ្ឋាន។ សូមឱ្យអភិបាលក្រុង ស្រុកទាំងអស់យកចិត្តទុកដាក់បំផុត ក្នុងការចូលរួមប្រជុំប្រចាំខែរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ខែបន្ទាប់ទៀត៕ដោយ ស៊ុម វណ្ណា