រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបើកឱ្យដំណើរការសាលារៀនឡើងវិញ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំ ស្ដីពី ការបើកឱ្យដំណើរការសាលារៀនឡើងវិញ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ និងមន្ត្រីអប់រំ នារសៀលថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុមានសាលា ១០១ ក្នុងនោះសាលាមត្តេយ្យ០១ សាលាបឋមសិក្សា ៧២ អនុវិទ្យាល័យ ១៨ វិទ្យាល័យ ០៩ និងសាលាគរុកោសល្យ និងវិក្រិត្យការ០១ មានសិស្សសរុបចំនួន ៤១.៩៧២ នាក់ ស្រី ២០.៧៣៨នាក់ ។ សម្រាប់ឆ្នាំសិក្សា២០១៩- ២០២០ សិស្សថ្នាក់ទី៩ ចំណេះទូទៅ និងបំពេញវិជ្ជាសាធារណៈ និងឯកជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០មានចំនួន ២.៥៩១នាក់ ស្រី ១.២៨៦នាក់ ។ បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ មានចំនួន ១.៦៦១នាក់ ស្រី ៨៤២នាក់ ចែកចេញជាពីរផ្នែក គឺ-ថ្នាក់វិទ្យាសាស្រ្តមានសិស្សចំនួន ៥៣៨នាក់ ស្រី ៣០០នាក់ (ផ្នែកភាសាអង់គ្លេសចំនួន ៥៣៦នាក់ ស្រី ២នាក់ និងផ្នែកភាសាបារាំងចំនួន២នាក់ស្រី)។ -ថ្នាក់វិទ្យាសាស្ត្រសង្គមមានសិស្សចំនួន ១.១២៣នាក់ ស្រី ៥៤២នាក់ ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំអប់រំយុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងអប់រំបើកដំណើរការសាលារៀនឡើងវិញ ចែកចេញជា៣ ដំណាក់កាល គឺដំណាក់កាល ទី១-បើកកាលពីខែសីហា ឆ្នាំ២០២០កន្លងមក ដែលមានសាលា២០ ដែលបានអនុវត្តន៍តាមស្តង់ដារ បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយតម្រូវក្នុងមួយបន្ទប់មានសិស្សមិនលើស ២០នាក់ ។ ដំណាក់កាលទី២-បើកទូទាំងប្រទេស ចែកចេញជាពីរ គឺ១- ខេត្តចំនួន៤ បើកគ្រប់កម្រិតសិក្សាក្នុងទីប្រជុំជនខេត្ត ដែលមិនមានហានីភ័យដោយសារជំងឺ Covid-១៩ មានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ។ ដោយឡែកខេត្តព្រះសីហនុ បើកសាលាថ្នាក់ត្រៀមប្រឡងទី៩ និងទី១២ និងសាលាបឋមសិក្សា ។ ការ បើកសាលាដំណាក់កាលទី៣- គឺធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខ ទន្ទឹមនោះដែរក្រសួងអប់រំបានដាក់ចេញនូវវិធានការ ឱ្យសិស្សរៀនតាមប្រព័ន្ធអេឡិកត្រូនិច និងតាមបែបប្រពៃណី សម្រាប់សិស្សត្រៀមប្រឡងយកសញ្ញាបត្រ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីអប់រំ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តជំរុញចុះឈ្មោះសិស្សថ្នាក់ទី១២ សិក្សាតាមប្រព័ន្ធអនឡាញបាន ១០០ភាគរយ និងចុះជំរឿនសិស្សតាមភូមិ ឃុំ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ។ ម្យ៉ាងទៀតការអប់រំវាមានសារៈសំខាន់ ក៏ប៉ុន្តែបញ្ហាសុខភាព និងអាយុជីវិតមនុស្សវាជារឿងសំខាន់ជាង ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់នាយក នាយិកាសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យសុខភាពសិស្សជាប់ជាប្រចាំ ដើម្បីយើងមានវិធានការចូលរួមទប់ស្កាត់ជំងឺ Covid-១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍របស់យើង ហើយយើងក៏ត្រូវរស់នៅតាមបែបកន្លងថ្មី ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានផ្ដល់ម៉ាស៊ីនវាស់កម្ដៅចំនួន ១៣០គ្រឿង ម៉ាស ២.០០០ប្រអប់ ទឹកអាកុលចំនួន ១០០ធុង សាប៊ូលាងដៃ ២.០០០ដុំ និងកំប៉ុងបាញ់ទឹកអាល់កុល ៤.០០០ ដល់មន្ទីរអប់រំ ដើម្បីធ្វើការចែកទៅតាមសាលានានាក្នុងខេត្តព្រះសីហនុ ៕ដោយ ងូ សុមុនី