មន្រ្ដីរាជការខេត្តកំពង់ឆ្នាំង ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តវិហារបិទមាស ស្រុកទឹកផុស 

​AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០–

មន្ត្រីរាជការ នៃខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅ វត្តវិហារបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ៥រោច ខែភទ្របទទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍លើកឡើងពីពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះថា ដោយសារតែការដឹកនាំប្រទេសជាតិធ្វើឱ្យមានសុខសន្ដិភាព និងគោល​នយោ បាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ យើងមានឱកាសបាន​ប្រារព្ធ​ពិធីបុណ្យនានា ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តមបានបន្ដថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាស​​និកខ្មែរយើងបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែល​បងប្អូនជាមន្ត្រី​រាជការ ពុទ្ធបរិស័ទ ជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀន​ធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា ដោយសារគុណថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដឹកនាំកម្លាំងរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងកាប់សម្លាប់ជីវិតមនុស្សពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសចុងក្រោយនេះដោយសារនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយបានបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ជាពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថា ជាសាសនារបស់រដ្ឋ។

ក្នុងឱកាសជួបជុំគ្នានេះឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រចៀសឱ្យឆ្ងាយពីគ្រឿង និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន និងរួមគ្នាថែរក្សាសុខសន្តិភាព ឱ្យនៅគង់វង្ស។

ក្នុងពិធីឆ្លងបិណ្ឌវេនទី៥នេះផងដែរ ឯកឧត្តមឡុង ឈុនឡៃ  និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការជាច្រើននាក់ រួមទាំងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់វត្តចំនួន២ គឺវត្តវិហារបិទមាស ប្រគេនបច្ច័យកសាងចំនួន ២.៥០០.០០០រៀល, ទឹកបរិសុទ្ធ៨កេស, ទឹកក្រូច និងទឹកផ្លែឈើ៥កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ១២យួរ, ត្រីខកំប៉ុង៣យួរ, អំបិល៥គីឡូក្រាម, អង្ករ១៨០គីឡូក្រាម និងមី៨កេស ពមទាំងបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១២អង្គ ដោយក្នុងមួយ អង្គៗ សាដក១ និងបច្ច័យចំនួន៤ម៉ឺនរៀល និង ជូនថវិកាអាចារ្យ គណៈកម្មការវត្ត យាយជី តាជីចំនួន២០០នាក់ និងវង់ភ្លេងពិណពាធផងដែរ។ ដោយឡែកសម្រាប់ វត្តក្រសាំងដុះឡើង ប្រគេនបច្ច័យកសាងចំនួន ២.៥០០.០០០រៀល,ទឹកបរិសុទ្ធ៩កេស, ទឹកក្រូច និងទឹកផ្លែឈើ៤កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ៨យួរ, ត្រីខ២យួរ, អំបិល៥គីឡូក្រាម, អង្ករ១០០គីឡូក្រាម,និង មី៧កេស ផងដែរ។៕ ដោយ៖បៃ ស៊ីថុន