សិស្សគុនក្លឹបកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម ទទួលបានលិខិតបញ្ជាក់ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ

AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០

សហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់ជូនលិខិតបញ្ជាក់ដល់សិស្សគុននៃក្លឹបកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនខែកន្លងមក ក្រោមវត្តមានឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបញ្ជាក់ថា ការចេញលិខិតបញ្ជាន់នេះ គឺជាជំនាន់ទី១របស់ក្លឹបកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម ក្រោយការបណ្តុះបណ្តាលរយៈពេល៣ខែ ដោយមានសិស្សគុនចំនួន១០នាក់ ក្រោមការយកចិត្តទុកដាក់របស់មេបញ្ជាការរបស់ពួកគាត់លើការហ្វឹក ហាត់កីឡាហាប់គីដូ ដើម្បីឱ្យសិស្សគុនទទួលបានសុខភាពល្អមាំមួន មានភាពរហ័សរហួន និងបច្ចេកទេសស្នៀតគុនការពារខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា សិស្សគុនទាំង១០នាក់នេះស្ថិតនៅក្នុងកម្រិតខែក្រវាត់ពណ៌បៃតង ដោយពួកគាត់អាចប្រើប្រាស់បច្ចេកទេសបានមួយចំនួនធំហើយ ដែលមានប្រមាណ៥០ស្នៀត។ គោលដៅរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូកំពុងជំរុញបន្ថែមនូវកិច្ចការអភិវឌ្ឍបន្ថែម ដោយបច្ចប្បន្នសហព័ន្ធមានក្លឹបចំណុះចំនួន៥ រាប់ទាំង ក្លឹបកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្ម ដែលទើបបង្កើតបានរយៈពេល៣ខែនេះ ដែលគោលដៅបន្តផែនការអភិវឌ្ឍន៍នេះតែងតែទទួលបានការលើកទឹកចិត្ត និងខិតខំរបស់ឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធ និងទទួលបានការជួយជ្រោមជ្រែងពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្តេចក្រហាហោម ស ខេង និងជាប្រធានអង្គភាពកីឡាក្រសួង មហាផ្ទៃ ដោយបានជំរុញឱ្យផែនការអភិវឌ្ឍវិស័យកីឡាហាប់គីដូនៅកម្ពុជាមានសកម្មភាពជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោក គង់ ចាន់ធីណា អះអាងទៀតថា ដើម្បីជំរុញផែនការអភិវឌ្ឍនេះឱ្យកាន់តែរីកចម្រើនទៀតនោះ សហព័ន្ធមានគម្រោងបន្តការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឱ្យបានច្រើន​បន្ថែមទៀត បណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីបញ្ជ្រាបវិស័យក្បាច់គុនមានប្រភពដើមមកពីប្រទេសកូរ៉េខាងត្បូងមួយនេះ ទៅតាមបណ្តាខេត្តនានាឱ្យកាន់តែទូលំទូលាយ នាថ្ងៃអនាគត។ ក្នុងនោះសហព័ន្ធក៏គ្រោងនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ជាលើកដំបូង នាចុងឆ្នាំ២០២០នេះផងដែរ។ លោកលើកឡើងទៀតថា នេះគឺជាគោលបំណងរបស់សហព័ន្ធ ក៏ដូចជាឆន្ទៈដ៏រីករាយរបស់លោក ដែលតែងតែចង់បញ្រ្ជាបក្បាច់គុនហាប់គីដូទៅក្នុងកងកម្លាំងប្រដាប់អាវុធ ពីព្រោះក្បាច់គុនមួយនេះមានប្រសិទ្ធភាពខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធប្រើប្រាស់ស្នៀតគុនទប់ទល់ទៅនឹងឧក្រិដ្ឋជនជាដើម៕ ដោយ ហេង ណាលីន