បឹងកេត បន្តក្តោបក្តាប់លើកំពូលតារាង ក្រោយឈ្នះម្ចាស់ផ្ទះ វិសាខាលីគកំពូលកម្ពុជា រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០

ក្រុមបឹងកេត បន្តក្តោបក្តាប់លើកំពូលតារាងដដែល បន្ទាប់ពីប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះ វិសាខា ដោយលទ្ធផល ៣ទល់២ សម្រាប់ជំនួបសប្តាហ៍ទី១៤ ជុំទី២ លីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

នៅវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ០ទល់០ ប៉ុន្តែចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះ វិសាខាបើក ការនាំមុខ១គ្រាប់មុន នៅនាទី៥៥ ដោយកីឡាករ Mihaljevic Filip ហើយនៅនាទី៥៨ ម៉ាត់ នូរុណរបស់បឹងកេតតាមបាន១គ្រាប់ស្មើវិញ ខណៈនាទី៦៣ បឹងកេតនាំមុខ ២ទល់១ ហើយនាទី៧១ ម្ចាស់ផ្ទះវិសាខាតាមបានស្មើគ្នា ២ទល់២ ហើយនៅចុងក្រោយបំផុត ពោលគឺនៅនាទី៩០បូក៥ កីឡាករ ម៉ាត់ នូរុណ ដដែលធ្វើសម្រេចបានគ្រាប់បាល់ជ័យជម្នះ ៣ទល់២ តែម្តង។

ចំពោះ២ប្រកួតផ្សេងទៀត ក្នុងក្រុមទី១ ដែលប្រជែងជើងឯក គឺក្រុមការពារដំណែងជើងឯកឆ្នាំមុន ចាញ់ ភ្នំពេញក្រោន ១ទល់២ ស្របពេលដែល ក្រុមទ័ពស្មើគ្នាជាមួយណាហ្គាវើល ១ទល់១។

សម្រាប់សប្តាហ៍ទី១៤នេះ ក៏មាន៣ ប្រកួត ផ្សេងទៀត សម្រាប់ក្រុមទី២ ដែលប្រកួតធម្មតាផងដែរ ដូចជាក្រុមអគ្គិសនីកម្ពុជា​ប្រកួតចាញ់ក្រុមសូល ទីឡូអង្គរយ ដោយលទ្ធផល ១ទល់២, អង្គរថាយហ្គឺយកឈ្នះនគរបាលជាតិ ១ទល់០ ខណៈគិរីវង់សុខសែនជ័យ យកឈ្នះក្រុមយុវជនបាទី ដោយលទ្ធផល ២ទល់១៕ ដោយ ហេង ណាលីន