ឯកឧត្ដម ខៀវ កាញារីទ្ធ៖ ដំណាក់កាលជំងឺកូវីដ-១៩ ផ្ទុះឡើង ពិភពលោកបច្ចុប្បន្ន គិតខ្លួន​ឯងជាមុន មុននឹង​គិត​អ្នកដទៃ មិនមានកិច្ចសហការគ្នា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងដំណាក់កាល​ជំងឺ​កូវីដ១៩បានផ្ទុះឡើងពិភពលោកបច្ចុប្បន្នគិតខ្លួនឯងជាមុន មុននឹងគិតអ្នកដទៃទៀត មាន​ ន័យថា លុយធំជាងកិច្ចសហការគ្នា ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះក្នុងពិធីប្រគល់ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជាដល់អ្នកកាសែតទទួលបានជ័យលាភីក្នុងការប្រឡងអត្ថបទសារព័ត៌មានក្នុងបរិបទកូវីដ១៩​នាព្រឹកថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក

ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលថ្មីនេះ ជំងឺកូវីដ១៩ បានផ្ទុះឡើង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានរីកទូលាយ ដែលធ្វើឱ្យព័ត៌មានពិត និងព័ត៌មានមិនពិតមានភាពច្របូកច្រប់គ្នា ហើយបណ្តាប្រទេសនៅលើពិភពលោក អត់មានការសហការគ្នាជាអន្តរជាតិ ក្នុងការរកវិធានការ ការពារ និងទប់ស្កាត់នៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ នោះទេ ប៉ុន្ដែបែរទៅជាការទម្លាក់ទោស ដាក់គ្នាទៅវិញទៅ​មក។ ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ការផ្ទុះឡើងនូវជំងឺកូវីដ១៩ នេះ ប្រទេស​នីមួយៗ ប្រឹងរកវ៉ាក់សាំងរៀងៗខ្លួន ដែលរហូតមកដល់ពេលនេះ មន្ទីរពិសោធន៍ជាង ១០០ ដែលបានអះអាងថា បានរកឃើញវ៉ាក់សាំងការពារ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ទាំងនេះបានបង្ហាញថា ជាតិនិយមក្នុងការស្វែងរកវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ហើយមានន័យថា បុគ្គលនិយម កំពុងដើរតូនាទធំ អាស្រ័យការរីកភាយ នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។

តែទោះបីយ៉ាងណាក្ដីឯកឧត្ដម ខៀវ កាញារីទ្ធ បានរម្លឹកផងដែរថា កាលពី​សម័យ​មុនមេរោគឆ្លង ដែលល្បីជាងគេគឺជំងឺអេដស៍ និងជំងឺសារ ហើយកាលពីពេលនោះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គមក៏មិនសូវមាននោះទេ តែអ្វីសំខាន់គឺមានកិច្ចសហការគ្នាជា​អន្តរ​ជាតិ ដើម្បីស្វែងរកវិធីទប់ទល់ និងព្យាបាលនូវជំងឺទាំងនោះបានឆាប់រហ័ស។ ឯកឧត្ដម រដ្ឋមន្រ្តីបានលើកឡើងថា នៅពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ មានអ្នកប្រឆាំង​ជំនាស់ មិនឱ្យមានការពាក់ម៉ាស់ ការពារ និងការជំទាស់គ្រប់បែបយ៉ាង បានន័យថា​ការ​ទុកចិត្តទៅលើរាជរដ្ឋាភិបាល អ្នកនយោបាយ អ្នកឯកទេស មានការធ្លាក់ចុះ ដោយ​សារ​ព័ត៌​មានពិត និងព័ត៌មាន មិនពិត មានការច្របូកច្របល់គ្នា។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានកោតសរសើរចំពោះក្លឹបអ្នកកាសែតកម្ពុជាដែល​បាន​រៀបចំ​ការប្រកួតប្រជែងសរសេរអត្ថបទទាក់ទងជំងឺកូវីដ១៩នេះ ដោយកត់សម្គាល់ថា នេះ​​គឺ​ជា​ប្រការដ៏ល្អ ដើម្បីជាការពង្រីកការផ្សព្វផ្សាយបានកាន់​តែទូលំទលាយ ទាក់ទងការ​បង្ការ ការ​ពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកថា នេះក៏​ជា​ឱកាសក្នុងការរួមចំណែកលើកតម្លៃ ស្នាដៃរបស់អ្នកសារព័ត៌មានឡើងវិញ បន្ទាប់ពីមាន​ការ​ធ្លាក់ចុះមួយចំនួន នៃតម្លៃអ្នកសារព័ត៌មាន ដោយសារអ្នកព័ត៌មានរញ៉េរញ៉ៃមួយចំនួន គ្មានវិជ្ជាជីវៈ។

លោ ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា ការរៀបចំម្មវិធីប្រកួតប្រជែងអត្ថបទសារព័ត៌មានទាក់ទងនឹង«កម្ពុជាក្នុងបរិបទកូវី១៩» សម្រាប់អ្នកសារព័ត៌មានខ្មែរដែលកំពុងបំពេញការងារនៅតាមអង្គភាពទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ព សារព័ត៌មានអនឡាញ និងអ្នកកាសែតឯករាជ្យ (Freelance Journalists) នៅកម្ពុជា។ លោកបានបន្ថែមថា ចំពោះអត្ថបទព័ត៌មានប្រចាំថ្ងៃ (hard news) មិនត្រូវទទួលយកមក ប្រកួតឡើយ ហើយអត្ថបទដែលត្រូវ ដាក់ចូលរួមក្នុងការប្រកួត ត្រូវតែជាអត្ថបទដែលត្រូវបានចុះផ្សាយនៅតាម អង្គភាពរបស់ខ្លួន ឬអង្គភាពសារព័ត៌មានណាមួយរួចរាល់ហើយ មុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០។ លោកប្រធានក្លឹបបានបន្ថែមទៀតថា អត្ថបទដែលត្រូវ ដាក់ចូលរួមត្រូវតែជាអត្ថបទសារព័ត៌មាន ជាភាសាខ្មែរ ហើយក្ល អ្នកកាសែតកម្ពុជាបាន សម្រេចកំណត់ឱ្យមានជ័យលាភី ចំនួន៥ ដោយចាប់ពីលេខ១ ដល់លេខ៥។

បើតាមការលើកឡើងរបស់លោក ពុយ គា អគ្គលេខាធិការ ក្លឹអ្នកកាសែតកម្ពុជា និងជាប្រធានគណៈកម្មការកំណែបានបញ្ជាក់ឱ្យដឹងថា សម្រាប់ការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធជំងឺកូវី១៩ នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យចូលរួមចំនួន ២៥ រូប មកពីខាងទូរទស្សន៍ ៩ រូប គេហទំព័រ អនឡាញ ៨  វិទ្យុ ៥ និងកាសែតបោះពុម្ព ចំនួន ៣ រូប។

សូមបញ្ជាក់ផងដែរថា សម្រាប់ជ័យលាភីលេខបានទៅលើឈ្មោះ កញ្ញា សៅ សុខហេង អ្នកសារព័ត៌មាន ថ្មី ថ្មី សរសេរអត្ថបទមានចំណងជើងថា ឪពុកម្តាយ ក្លាយជា​សិស្សផង និងជាគ្រូផង សម្រាប់ការសិក្សា តាមប្រព័ន្ធអនឡាញ របស់កូនៗនាអំឡុងកូវី១៩ ដោយទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ២លាន រៀល និងពាន១ជ័យលាភីលេខ ២ បានទៅលើ លោក ម៉ៅ សំណាង មកពីទូរទស្សន៍ PNN ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១ លាន ២សែនរៀល និងពាន ១លេខ ៣ បានទៅលើ អ្នកស្រី មុំ គន្ធា មកពីវិទ្យុផ្កាឈូក ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨ សែនរៀល និងពាន ១ជ័យលាភីលេខ ៤ អ្នកស្រី ស៊ន សុខឃាង អ្នករាយការណ៍ព័ត៌មាន និងផលិតបទយកការណ៍សង្គម មកពីទូរទស្សន៍ CNC និង លេខ ៥ លោកស្រី អេង គឹមហុង មកពីវិទ្យុបារាំងអន្តរជាតិ ដោយម្នាក់ទទួលបានរង្វាន់ លើកទឹកចិត្តជាទឹកប្រាក់ ៤ សែនរៀលដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា