រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ សម័យជំងឺកូវីដ-១៩ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សាយ ព័ត៌មានពិត និងព័ត៌មានមិនពិតប្របូកច្របល់គ្នា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការផ្ទុះឡើងនូវ​ជំងឺ​កូវីដ-១៩ បានធ្វើឱ្យការផ្សព្វផ្សាយដំណឹងជាព័ត៌មានពិត និងព័ត៌មាន​មិនពិតកើត​ឡើង​ច្រើន​តាមរយៈប្រព័ន្ធ​​ផ្សព្វផ្សាយសង្គម ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោក​បាន​និងកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជាដល់អ្នកកាសែតទទួលបានជ័យលាភីក្នុងការប្រឡងអត្ថបទសារព័ត៌មានក្នុងបរិបទកូវីដ-១៩​នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ កើតនៅក្នុងសម័យនេះគឺមានភាពរន្ធត់ជាងការកើតជំងឺសម័យមុន ដោយ​សម័យមុនជំងឺដែលរន្ធត់គឺជំងឺអេដស៍ បន្ទាប់មកជំងឺសារ ខណៈជំងឺកាល​សម័យមុននោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនសូវមានដែលជាចំណុចមួយ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ប៉ុន្តែ​អ្វីដែលសង្កេតឃើញនោះគឺមានការរួមគ្នាជាលក្ខខណៈអន្តរជាតិ ដើម្បីស្វែងរកការទប់​ទល់នឹងជំងឺទាំងនេះ។

ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា “ពេលកើតជំងឺកូវីដ-១៩ យើងឃើញថា​ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរីកទូលាយ ដូច្នេះដំណឹងពិត និងមិនពិតប្របូកច្របល់គ្នា។ ជាងនេះទៀត ពិភពលោកមិនបានសហការគ្នាស្វែងរក​ដើម្បីការពារទប់ស្កាត់​គឺអត់មានអ្វី​ទាំងអស់។ ផ្ទុយទៅវិញមានតែការទម្លាក់ទោសដាក់គ្នាទៅវិញទៅមក ហើយភាគីនីមួយៗ ប្រឹងស្វែងរកវ៉ាក់សាំងរៀងៗខ្លួនដើម្បីលុយ”។

ឯកឧត្តមបានបន្តទៀតថា ការប្រជែងគ្នា​រវាង​បណ្តាប្រទេស​ដែលស្វែង​រកវ៉ាក់នេះបានបង្ហាញថាប្រទេសទាំងនោះគិតលុយជាធំ​ជាង​ប្រទេសជាតិទៅវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា “យើងឃើញថាមិនមានការ​សហការគ្នាទេ ដែលបង្ហាញថាជាការប្រែប្រួលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺ​ម្នាក់ៗត្រូវរស់ដោយខ្លួនឯង ហើយរកលុយឱ្យបានច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​លើកឡើង​ថា ឥឡូវ រុស្ស៊ីប្រកាសរកឃើញវ៉ាក់សាំង  តែចិនថាមិនជឿនោះទេ ចំណុចនេះបង្ហាញថា​ម្នាក់ៗ កំពុងក្លាយជាបុគ្គលនិយម។”

ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមថា ជំងឺកូវីដ-១៩​នេះក៏បានធ្វើឱ្យ​មានអ្នក​ប្រឆាំង​នឹងរាជរដ្ឋាភិបាលមិនឱ្យពាក់ម៉ាស់ ប្រឆាំងអ្នកជំនាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការផ្សាយព័ត៌មានប្របូកច្របល់ព័ត៌មានពិត និងព័ត៌មានមិនពិត។  ឯកឧត្ដម រដ្ឋមន្ត្រីថ្លែងថា “ការទុកចិត្តលើរាជរដ្ឋាភិបាល  អ្នកនយោបាយ អ្នកឯកទេស មានការអន់​ថយច្រើននៅពេលមានជំងឺកូវីដ-១៩នេះ ពីព្រោះមានការច្របូកច្របល់ព័ត៌មានពិត និង​ព័ត៌មានមិនពិត”។

តែទោះបីយ៉ាងណាក្តីឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា នៅកម្ពុជាយើង​មូលហេតុ​ដែល​រាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ក្នុងប្រទេសបានដោយសារ​តែ​ប្រ​ជាពលរដ្ឋនៅជឿលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសប្រជាពលរដ្ឋនៅជឿ​លើអ្នក​ឯកទេសច្រើន។ ជាមួយគ្នានេះ ដោយសារតែពលរដ្ឋជឿលើរាជរដ្ឋាភិបាល និងអ្នក​ឯកទេសបានជាមានអ្នកឆ្លងចំនួនតិចនៅកម្ពុជា។

ឯកឧត្ដមបានថ្លែងបន្ដថា ជំងឺកូវីដ-១៩​មិន​អាចគិតថាជារឿងលេងសើចនោះទេ  ហើយកម្ពុជា ដែលទប់ស្កាត់បាននេះដោយសារ​មានសម្ភារគ្រប់គ្រាន់ និងមានអ្នកឆ្លងចំនួនតិច។ ផ្ទុយទៅវិញបើកើតរហូតដល់ខ្ទង់ពាន់ ឬម៉ឺននាក់ គឺពិបាកព្យាបាល ដោយសារគ្មានលទ្ធភាពជួយនោះទេ បើផ្តល់ម៉ាស់​អាចធ្វើ​បាន ប៉ុន្តែបើធ្វើតេស្តវិញគឺមិនបានទេ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា បើសិនកម្ពុជាមិនអាចទប់ស្កាត់ជំងឺកូវីដ-១៩បាននោះទេ អ្នកដែលស្លាប់ច្រើនជាងគេគឺគ្រូពេទ្យតែម្តងព្រោះគ្រូពេទ្យ​ជាអ្នកជួបអ្នក​ជំងឺរាល់ពេល ខណៈនៅលើពិភពលោកអ្នកដែលស្លាប់ច្រើនជាងគេគឺគ្រូពេទ្យ (សម័យ​កូវីដ-១៩) គឺពួកគាត់ជាអ្នកប្រឈមជាមួយនឹងអ្នកជំងឺ។

សូមជម្រាបថា សម្រាប់ការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធនឹង​ជំងឺ​កូវីដ-១៩ នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យចូលរួមចំនួន ២៥ រូប មកពីខាងទូរទស្សន៍ ៩ រូប គេហទំព័រ អនឡាញ ៨  វិទ្យុ ៥ និងកាសែតបោះពុម្ព ចំនួន ៣ រូប។ ជាលទ្ធផល គណៈ​​កម្មការសម្រេចជ្រើសរើសយកជ័យលាភីចំនួន៥រូប ចាប់ពីលេខ១ ដល់លេខ៥ ដោយជ័យលាភីលេខ១ ទទួលបានថវិកាចំនួន២លានរៀល និងពាន១ លេខ២ ទទួលបាន​ថវិកាចំនួន១លាន ២សែនរៀល និងពាន១ លេខ៣ ទទួលបានថវិកាចំនួន៨សែនរៀល និងពាន១។ ចំពោះលេខ៤ និងលេខ៥ ទទួលបានថវិកាចំនួន៤សែនរៀលផងដែរ៕ដោយ ប៊ុនរិទ្ធ