កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ  ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយ មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ លោកនាយករដ្ឋបាល មន្ទីរ អង្គភាព និងតំណាងក្រុមហ៊ុនសាងសង់ផ្លូវផងដែរ។

លោក ហូ ចាន់ថា ប្រធានសម្របសម្រួលគម្រោងគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ថា វឌ្ឍនភាពនៃការស្ថាបនា ផ្លូវបេតុង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩២ភាគរយ។ ការងារលូទឹកភ្លៀង និងលូទឹកកខ្វក់សម្រេចបាន ១០០ភាគរយ។ ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត សម្រេចបាន ៨៣.៤៥ភាគរយ និងកម្រាលថ្មក្រានីតសម្រេចបាន២៤ភាគរយ។ ការងារដាំបង្គោល ភ្លើងបំភ្លឺផ្លូវសម្រេចបាន៦៤ភាគរយ និងបំពាក់អំពូលភ្លើងបានជាង ៥៣ភាគរយ។ ការងារដាំដើម ឈើនៅអមសងខាងផ្លូវសម្រេចបាន ៣២ភាគរយ។ ការងារបំពាក់កាំម៉ារ៉ា សុវត្ថិភាពសម្រេច១០ភាគរយ។ ការងារស្ថាបនាបន្ទប់ទឹកសាធារណៈមានបីប្រភេទគឺ ទី១. រាង ៨ជ្រុង, ទី២. រាងចតុ កោណកែង និងទី៣. រាងការ៉េ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបូកសរុប ដោយគូសបញ្ជាក់ថា បង្កើតក្រុមការងារតាមមន្ទីរ អង្គភាពជំនាញចុះធ្វើការដកស្រង់បទ ពិសោធន៍ជាមួយក្រុមការងារគណ:កម្មាការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុម ការងារនានាក្នុងក្រុងព្រះសីហនុ។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារ ធ្វើលិខិតជូន ដំណឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅតាមដងផ្លូវ ៣៤ខ្សែ ដើម្បីភ្ជាប់ ប្រព័ន្ធលូរណប (លូទឹកកខ្វក់ និង លូទឹកភ្លៀង) និងនីតិវិធីនៃការចូលរួមបង់ ថវិកាភ្ជាប់ ប្រព័ន្ធលូរណប ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវតភ្ជាប់បណ្តាញលូរណបបានលឿន ធានាដល់បរិស្ថាន និងសោភណភាពក្រុងព្រះសីហនុ ៕ ដោយ ងូ សុមុនី