ឯកឧត្តម វ៉ា ថន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌទី៥ នៅវត្តវេឡុងគង្គារាម ក្នុងក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវបានអញ្ជើញកាន់ បិណ្ឌទី៥ នៅវត្តវេឡុងគង្គារាម ហៅវត្តអូរឫស្សី ក្នុងក្រុងក្រចេះ ខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ ឯកឧត្តម វ៉ា ថន និងលោកជំទាវ មន្រ្តីរាជការ នៃរដ្ឋ បាលខេត្តក្រចេះ ព្រមទាំងពុទ្ធបរិស័ទបាននាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបូជាជា ច្រើនទៀតមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែក ឋានទៅកាន់លោកខាង មុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួល យក កុសលផលបុណ្យតាមជំនឿព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបាន ធ្វើកិច្ចបែបសាសនា ស្របតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌ នេះផងដែរ។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរ និយមធ្វើតៗ គ្នាតាំង ពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សា ពិធីបុណ្យ ដែលជាកេរដំណែលរបស់ដូនតាខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស តាមរយៈការបណ្ដុះ ស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើ បុណ្យទានដូចនៅក្នុងរដូវ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្ស ពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា បច្ចុប្បន្នដោយសារប្រទេស ជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែខិតខំ បំពេញ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា ឱ្យពួកគាត់មានសេចក្តីសុខសុភមង្គល    រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពល រដ្ឋឱ្យបានប្រសើរឡើង ដូច្នេះទើបពួកគាត់ អាចមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានដូចពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋត្រូវបន្តចូលរួម ទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕ ដោយ៖ជួន សុជាតិ