ឯកឧត្តម ព្រុំ សុខា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសបើកសាលារៀននៅថ្ងៃទី០៧ ខែកញ្ញា

AKP ក្រចេះ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោក គ្រូអ្នកគ្រូ និងសិស្សានុសិស្ស កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ពិធីសំណេះសំណាលនេះធ្វើឡើងនៅវិទ្យាល័យចំនួន២ គឺវិទ្យាល័យព្រះមហាក្សត្រី យានីកុសុមៈ និងវិទ្យាល័យហ៊ុនសែន ក្រចេះក្រុង ក្រោយពីសាលារៀននៅខេត្តក្រចេះ ក៏ដូច ជានៅទូទាំងប្រទេសត្រូវបានបិទដោយវិបត្តិជំងឺកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យបើកចូល រៀនសាកល្បងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នេះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះបានឱ្យដឹងថា យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ លេខ ៣៧  លេខ៣៨ និងសេចក្តីណែនាំលេខ៣៩ អំពីវិធាន ការការពារពីជំងឺកូវីដ-១៩ នៅពេលរៀន និងបង្រៀន ដោយលិខិតលេខ៣៧ កំណត់ទៅលើថ្នាក់មត្តេយ្យសិក្សា លិខិតលេខ៣៨ កំណត់ទៅលើថ្នាក់បឋមសិក្សា និងលិខិតលេខ៣៩ កំណត់លើថ្នាក់មធ្យមសិក្សា ដោយអនុញ្ញាតឱ្យបើកសាលាគ្រប់កម្រិត សិក្សាពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តែនៅក្នុងក្រុងតែប៉ុណ្ណោះ ដោយឡែកតាម ស្រុកគឺសម្រាប់ថ្នាក់មធ្យសិក្សាអនុញ្ញាតឱ្យរៀនតែថ្នាក់ទី៩ និងថ្នាក់ទី១២ ប៉ុណ្ណោះ ដោយធ្វើ ការចែកវេណ និងម៉ោងសិក្សា ដោយការកំណត់ចំនួនសិស្សពី១៥នាក់ ទៅ២០នាក់ ក្នុង១ថ្នាក់ និងបង្កើតគណៈកម្មការត្រួតពិនិត្យដើម្បីចូលរួមការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសជួបជាមួយលោកគ្រូអ្នកគ្រូសិស្សា នុសិស្សជាលើកដំបូងនេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូល ដ្ឋានខេត្ត ក្រចេះបានលើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលបានដើរតួយ៉ាង សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដែលពឹង ផ្អែកលើធនធានមនុស្សប្រកប ដោយគុណភាព និងប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះបញ្ហាប្រឈមដែលកម្ពុជាក៏ដូចជាពិភពលោកទាំង មូលត្រូវធ្វើនោះគឺការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចដែលសា លារៀនរបស់ យើងបានបិទមួយរយៈកន្លងមក។

ឯកឧត្ដម ព្រុំ សុខា ក៏បានធ្វើការណែនាំ និងផ្តល់ឱវាទមួយចំនួនដល់បុគ្គលិក សិក្សាលោកគ្រូអ្នក គ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្សត្រូវគោរពតាមវិធាន អនាម័យតាមស្តង់ដារដែលក្រសួងអប់រំយុវជននិងកីឡាបានកំណត់និងវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង៕ ដោយ៖ ជួន សុជាតិ