រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព សម្រាប់ការចូលរៀនដំបូង

AKP សៀមរាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បាន​ចុះពិនិត្យមើលតាមសាលារៀនមួយចំនួននៅក្នុងខេត្តសៀមរាប ​ដែលបាន​បើក​ឱ្យសិស្សចូលរៀនថ្ងៃដំបូង ជាពិសេសផ្តោតសំខាន់ទៅលើកុមារតូច បន្ទាប់ពីបាន​បិទអស់មួយរយៈដោយសារតែជំងឺកូវីដ-១៩។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បាន​មាន​ប្រសាសន៍ថា នៅថ្ងៃដំបូង​នៃការបើកឱ្យសិស្សចូលរៀនឡើងវិញ​នេះ ឃើញ​ថា នៅតាម​សាលានានាក្នុងខេត្តសៀមរាប​មាន​ការអនុវត្តវិធានការសុវត្ថិភាព របស់ក្រសួង​សុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ។ ប៉ុន្តែទោះជាយ៉ាង​នេះក្តី ឯក​ឧត្តមបានជំរុញ ​និងលើទឹកចិត្តឱ្យគ្រប់សាលារៀន​ទាំង​អស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ក្រៅពីការបាញ់កម្ដៅ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬ អាល់កុល​ និងរក្សាគម្លាតសុវត្ថិភាព ត្រូវបង្កើតកន្លែងលាងដៃ និងសាប៊ូឱ្យបានច្រើន។ លោកគ្រូអ្នកគ្រូត្រូវធ្វើជាគំរូដល់សិស្សក្នុងការអនុវត្តនូវវិធានការអនាម័យ​ និងសុវត្ថិភាព ដើម្បីឱ្យសិស្សក្លាយទៅជាទម្លាប់ ហើយពួកគាត់ នឹងទៅបង្រៀនដល់ក្រុមគ្រួសារគាត់ឱ្យអនុវត្តន៍វិធានការសុវត្ថិភាពនេះដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការចូលរៀនដំបូងនេះសម្រាប់ថ្នាក់រៀនមួយបន្ទប់ អាចដាក់សិស្សឱ្យសិក្សាត្រឹមពី១៥នាក់ ទៅ២០នាក់ប៉ុណ្ណោះ។ ក្នុងនោះដែរសម្រាប់ថ្នាក់មធ្យមសិក្សាមានថ្នាក់ទី៩ និងថ្នាក់ទី១២ សិស្សត្រូវសិក្សាចំនួន ១៨ម៉ោង ក្នុងមួយសប្ដាហ៍ ចំណែកសិស្សបឋមសិក្សាចំនួន ៨ម៉ោង ក្នុងមួយសប្ដាហ៍ និងមានចែកជាបីក្រុម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ ស្តីពីដំណើរការបើកសាលារៀនឡើងវិញ ជាបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២-សាលារៀនមានស្តង់ដារមធ្យម និងដំណាក់ កាលទី៣-សាលារៀនមានស្តង់ដារអប្បបរមា៕ ដោយ៖ឃុត សៅ