អភិបាលខេត្ត ចុះសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លី រវាងលោកយាយអាយុ៩៥ និងចៅនៅស្រុកខ្សាច់កណ្តាល

AKP កណ្ដាល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០–

នៅថ្ងៃ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី0៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្តម ដួង ដារ៉ា ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងជាអនុរដ្ឋលេខា  ធិការទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយ​បញ្ចប់​ទំនាស់​​​រវាង​ភាគីលោកស្រី ស៊ុយ ផូ ជាជីដូន និងភាគីឈ្មោះ ប៊ូ ស្រីទូច ជាចៅលើករណីវិវាទដី​ទំហំ ១៣ម៉ែត្រ គុណ២០ម៉ែត្រ ស្ថិតនៅទីតាំងដីទំនាស់ ភូមិ​អញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់ កណ្តាល។

បន្ទាប់ពីពិភាក្សាគ្នា យល់ដឹងអំពីដើមហេតុនៃទំនាស់ និងស្តាប់មតិចូលរួមរបស់ភាគីពាក់ព័ន្ធ អាជ្ញាធរដែនដី និង​តំណាងមន្ទីរជំនាញរួចមក ភាគីទាំងសងខាងបានព្រមព្រៀងឯកភាពគ្នាបញ្ចប់ទំនាស់តាមលក្ខខណ្ឌ​ដូច​ខាង​ក្រោម៖ ភាគីលោកស្រី ស៊ុយ ផូ បានយល់ព្រមបញ្ចប់ទំនាស់ដោយឯកភាពទទួលយកសំណងចំនួន ៣០.០០០ដុល្លារអាម៉េរិក ដែលជាការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកស្រី ស៊ុយ ផូ ព្រមប្រគល់ដីទំហំ១៣ម៉ែត្រ គុណ២០ម៉ែត្រ ស្ថិតនៅភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ឱ្យទៅភាគីលោកស្រី ប៊ូ ស្រីទូច ដើម្បីរស់ប្រកបរបរចិញ្ចឹមជីវិត។

ភាគីលោកស្រី ប៊ូ ស្រីទូច ឯកភាពទទួលយកដំណោះស្រាយនេះ និងសូមគោរពអរគុណដល់    ​ សម្តេច​តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ភាគីទាំងសងខាង ឯកភាពឈប់  ប្តឹងគ្នា និងដកពាក្យបណ្តឹងដែលធ្លាប់ដាក់ពាក្យប្តឹងតវ៉ាគ្នា​ទៅវិញទៅមកនៅគ្រប់ស្ថាប័ន អង្គភាព។ បងប្អូនភាគីទាំងសងខាង ឯកភាពគ្នានៅចំពោះមុខ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារថា ​នឹងស្រុះស្រួលគ្នាបញ្ឈប់ការ​ឈ្លោះទាស់ទែ​ងគ្នា​តទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងអំណរអរគុណសន្តិភាព សូមគោរពអរគុណសម្តេចអគ្គស្ថាបនិកសន្តិភាព ដែលជារឿយៗ សម្តេច តែងតែគិតគូរពីសុខទុក្ខប្រជារាស្រ្តជួបការលំបាកខ្វះខាត នេះជាដំណោះស្រាយឈ្នះឈ្នះ ដែលយើងគ្រប់គ្នាត្រូវតែគោរព និងអនុវត្តន៍តាម ហើយក៏សូមអរគុណក្រុមការងារពាក់ព័ន្ធទាំងអស់ អរគុណដល់គូវិវាទទាំងសងខាង ដែលយល់ព្រមអត់ឱន យល់យោគ ឱ្យគ្នាទៅវិញទៅមក លែងប្រកាន់ខឹងគ្នា សាមគ្គីរីកចម្រើន បែកបាក់សាមគ្គីគឺពិបាក ខ្មែរត្រូវតែចេះស្រឡាញ់ខ្មែរ គ្មានទេពាក្យថាចាញ់ គឺឈ្នះទាំងអស់គ្នា៕ ដោយ៖ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)