តំណាងរាស្រ្តរតនគិរី អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តភ្នំសិលាគិរីរុក្ខារាម

AKP រតនគិរី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

នៅថ្ងៃ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី0៦ ខែកញ្ញា​ ឆ្នាំ២០២០​ ត្រូវនឹងវេនកាន់បិណ្ឌទី៤​ ឯកឧត្តម​ ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌល រតនគិរី និងលោកជំទាវ ​ព្រមទាំងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង និង នាំយកនូវបច្ច័យទេយ្យវត្ថុ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តភ្នំបេង​ ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានប្រគេនព្រះសង្ឃក្នុងមួយអង្គនៅសាដក រួមនឹងបច្ច័យមួយចំនួនទៀត និងជូនថវិកាដល់យាយជី តាជីច្រើននាក់ផងដែរ។

ឯកឧត្តមអ្នកតំណាងរាស្រ្ត និងលោកជំទាវ បានធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនជីដូន ជីតា សាច់ញាតិទាំង៧សន្តាន​ ពិសេសឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាស្លូតត្រង់ដែលបានបាត់បង់ជីវិតផងដែរ។

ឯកឧត្តម ប៊ូ ឡាំ ក៏បានផ្តាំផ្ញើរដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ការពារខ្លួននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ​ និងដើម្បីកុំឱ្យឆ្លងជំងឺកូវីដ​-១៩នេះដល់ក្រុមគ្រួសារ​ និងក្នុងសហគមន៍។

បច្ច័យដែលចូលកសាងវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង របស់វេនកាន់បិណ្ឌទី៤ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកជំទាវ លោក ទន់ ពៅ ចៅសង្កាត់កាចាញ ប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន និងអង្គភាពពាក់ព័ន្ធនៃវេន មានចំនួន ១៤. ៨៣០.០០០រៀល ៕ ដោយ ណយ នឿន (ប្រភពៈ មន្ទីរព័ត៌មានខេត្តរតនគិរី)