ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យទីតាំងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

ព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ។

ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលឱ្យសាងសង់មន្ទីរពិសោធន៍ ជំងឺ Covid-១៩ និងទូទៅនៅខេត្តព្រះសីហនុ។ ដោយឡែកចំពោះម៉ាស៊ីនយើងសិក្សាជាមួយប្រទេសដៃគូរ ជាពិសេសប្រទេសចិន ។ ការសាងសង់មន្ទីរពិសោធ ន៍នៅខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសូមស្វាគមន៍ គាំទ្រគម្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅលើទឹកដីខេត្តព្រះសីហនុ ក៏ប៉ុន្តែយើងនៅរង់ចាំមានការឯកភាពប្លង់គោលជាមុនសិន ។ នៅពេលយើងមានការឯកភាព ប្លង់រួចរាល់ យើងនឹងដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគនៅខេត្តព្រះសីហនុ ដែលត្រូវការសេវាសុខាភិបាល ជាការចាំបាច់បំផុត ៕ ដោយ៖ងូ សុមុនី