សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បាននឹងកំពុងតែរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ដែលមានទីតាំងនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅខាងកើតប្រាង្គប្រាសាទបាគង មានចម្ងាយជាង ១០០ម៉ែត្រ មកដល់ពេលនេះបានបង្ហាញរូបរាងជាបណ្តើរៗហើយ នឹងទទួលបានភ្ញៀវទេសចរចូលទស្សនាកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីបានប្រើប្រាស់រយៈពេល១០ឆ្នាំ សម្រាប់ការរៀបចំបង្កើតសហគមន៍នេះឡើង។

លោក សូត្រ សូរ តំណាងសហគមន៍បាគងភូមិខ្ញុំ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍កាលពីល្ងាចថ្ងៃ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញអំពីគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍បង្កើតថ្មីមួយនេះ ក្រោមការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរខេត្ត ស្រុក អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ និងដៃគូពាក់ព័ន្ធដទៃទៀតផងដែរ ជាពិសេសនោះគឺវត្តមានរបស់ប្រជាសហគមន៍ប្រមាណជា១៥០គ្រួសារ។ លោកបន្តថា សម្រាប់ផែនការទៅថ្ងៃអនាគតសហគមន៍អាចនឹងជ្រើសរើសផ្ទះប្រជាពលរដ្ឋដែលមានស្រាប់ កែលម្អបន្ទប់ដេក បំពាក់ភ្លើងអំពូល គ្រែ ពូក ដើម្បីបម្រើសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ និងបង្កើតកម្មវិធីផ្សេងៗទៀតដូចជា៖ ជិះកង់ ជិះរទះគោ ស្ទូចត្រី ដាក់បង្កៃ រាយមង ស្ទូង ដកស្រូវ ដែលជាប្រពៃណីរស់នៅរបស់ប្រជាសហគមន៍។ ទាំងនេះគឺជាវិធីសាស្រ្ត សម្រាប់ការអូសបន្លាយពេលវេលាស្នាក់នៅកម្សាន្តរបស់ភ្ញៀវទេសចរផ្តល់ប្រាក់ចំណូលដល់សហគមន៍បានច្រើនដោយផ្ទាល់។ បច្ចុប្បន្ននេះសហគមន៍បាគងភូមិខ្ញុំ ឈើប្រណីតជាង ១០០ប្រភេទ ស្មើនឹងជាង ៨.០០០ដើម ត្រូវបានដាំនៅទីនោះ លើផ្ទៃដីប្រមាណ១០ហិកតា និងមានបឹងមួយដែលអាចឱ្យភ្ញៀវទេសចរជិះទូកកម្សាន្តបានផងដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ស្រុកប្រាសាទបាគង គឺជាមូលដ្ឋានមរតកទេសចរណ៍មួយ ដែលមានសត្តានុពលស្រាប់ទាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី និងធម្មជាតិ ។ ដូចនេះសហគមន៍ត្រូវមានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ព្រោះថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិយើងមាន​ការចាប់អារម្មណ៍ច្រើន ចំពោះវិស័យទេសចរណ៍សហគមន៍នេះ។ ដូចជា ពួកគាត់អាចជិះកង់មកស្នាក់នៅទទួលទានអាហារបែបជនបទរួមជាមួយធម្មជាតិនៅជុំវិញខ្លួនដ៏ស្រស់បំព្រង។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា រដ្ឋបាលស្រុកកំពុងតែអនុវត្តន៍ការរៀបចំភូមិគំរូចំនួន៣ ទី១-ភូមិគោកស្រុក នៅឃុំរលួស, ទី២-ភូមិស្ពានក្អែក នៅឃុំកណ្តែក, ទី៣-ភូមិព្រំកុដ្ឋ នៅឃុំបល្ល័ង ហើយភូមិថ្នល់ត្រង់ឃុំបាគងនេះ ជាភូមិគំរូទី៤ ដោយភ្ជាប់ជាមួយនឹងគម្រោងវិថីប្រពៃណីខ្មែរផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្តមួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងសហ គមន៍ តាមរយៈការបង្កើតការងារឱ្យពួកគាត់ធ្វើក្នុងវិស័យទេសចរណ៍សហគមន៍នេះ។ លោកបន្តថា មន្ទីរទេសចរណ៍ នឹងជួយរៀបចំឱ្យសហគមន៍បាគងភូមិខ្ញុំនេះ មាន​ស្តង់ដារ ហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះច្រើន និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ ៕ ដោយ ឃុត សៅ