អ្នកនាំពាក្យក្រសួងសុខាភិបាល៖ តាមរយៈការចុះអង្កេតដោយផ្ទាល់ មានវត្តមួយចំនួន បានអនុវត្តត្រឹមត្រូវ និងវត្តមួយចំនួន ពុំបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាលនៅឡើយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ — 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នេះថាតាមរយៈការចុះអង្កេតដោយផ្ទាល់ មានវត្តមួយចំនួន បានអនុវត្តត្រឹមត្រូវ និងវត្តមួយចំនួន ពុំបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាលនៅឡើយទេ។

លោកជំទាវបានគូសបញ្ជាក់ថា ៖ “ខ្ញុំ រួមជាមួយនឹង លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា (WHO) និងក្រុមការងារមួយចំនួនទៀត បានធ្វើទស្សនកិច្ច នៅតាមខេត្តចំនួន៣ របស់កម្ពុជា គឺខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងបានចុះអង្កេតដោយផ្ទាល់ ហើយបានសង្កេតឃើញថា នៅតាមវត្តអារាមខ្លះ រួមជាមួយប្រជាពលរដ្ឋជាពុទ្ធបរិស័ទមួយចំនួន មិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមវិធានការសុខាភិបាល ក៏ប៉ុន្តែមានវត្តអារាមមួយចំនួន ក៏បានអនុវត្តបានត្រឹមត្រូវតាមវិធានការសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលជាដើម»។

លោកជំទាវអ្នកនាំពាក្យ ក៏បានក្រើនរំឮក និងអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវវិធានការពារខ្លួន ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ តាមរយៈវិធានការងាយៗ នៅពេលទៅទីវត្តអារាមនានា ដោយដាក់ទឹកអាល់កុល ឬជែលសម្លាប់មេរោគតាមខ្លួនឱ្យជាប់ជាប្រចាំ ជាពិសេសត្រូវមានម៉ាសជាចាំបាច់ ដើម្បីពាក់នៅតាមទីវត្តអារាម បន្ថែមពីនេះគឺការរក្សាគម្លាតសុវត្ថិភាពបុគ្គល។ ដោយឡែកសម្រាប់គណៈកម្មការវត្ត សូមមេត្តាជួយរៀបចំចាត់ចែងរៀបចំឱ្យប្រជាពុទ្ធបរិស័ទ ដែលគាត់អញ្ជើញទៅវត្ត សូមឱ្យមានទីកន្លែងអង្គុយឱ្យមានគម្លាតសុវត្ថិភាព ហើយទន្ទឹមនឹងនោះក៏ត្រូវឱ្យមានការពាក់ម៉ាសទាំងអស់គ្នា រួមទាំងព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ។ ជាមួយគ្នានេះ សូមអនុវត្តការលាងសម្អាតដៃ ឱ្យបានញឹកញាប់ផងដែរ។

គួររម្លឹកផងដែរថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសចំនួន ២៧៤នាក់ គិតចាប់ពីថ្ងៃរកឃើញដំបូងនៅខែមករា ឆ្នាំ២០២០ ក្នុងនោះករណីជាសះស្បើយសរុប ២៧២នាក់ និងកំពុងសម្រាកព្យាបាល នៅសល់តែ០២នាក់ប៉ុណ្ណោះ៕

ដោយ ផែន រតនៈ