សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវវិធានការអន្តរាគមន៍សមស្របដោយការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងការ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ជាទិសដៅទៅមុខកម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវវិធានការអន្តរាគមន៍សមស្រប និង ទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្រ្ត តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួនពីរ គឺ ទី១ ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម ដោយបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបង្កើនចំណាយលើវិស័យសុខាភិបាល និង កម្មវិធីលើកកម្ពស់សុខភាពសាធារណៈ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និង ការអនុគ្រោះផ្នែកសារពើពន្ធ ការផ្តល់ឥណទានអនុគ្រោះ និង ការបង្កើនសន្ទនីយភាពនៅលើទីផ្សារ ព្រមទាំងការរក្សាលំនឹងជីវភាពប្រជាជន និង ការរក្សាការងារជូនប្រជាពលរដ្ឋតាមរយៈការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីបណ្តុះបណ្តាលជំនាញ និង កម្មវិធីជំនួយសង្គម ។ល។និង ទី២ ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង ការបន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ។ក្នុងសន្ទរកថាគន្លឹះថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាតថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ប្រទេសទាំងមូលនោះទេ

ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាលមួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត ស្ថិតក្នុងសភាពការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន ជុំ  រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម សម្រាប់ផ្គត់ផ្គង់ ទាំងក្នុង និង ក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ វិធានការអន្តរាគមន៍ទាំងនោះរួមមានការអនុគ្រោះពន្ធ និង ការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព ការជួយសម្រួលលក្ខខណ្ឌឥណទាន ការបង្កើនសន្ទនីយភាពនៅលើទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាពនិង លើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់កម្មករនិយោជិត និង ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និង អាជីវកម្ម នៅក្នុងប្រទេស

នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍ ន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង គាំទ្រកសិករ ដែលនឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យ កាន់តែប្រសើរឡើង ព្រមទាំងផ្តល់នូវឱកាសការងារបន្ថែមមួយចំនួនដល់ប្រជាជន នៅក្នុងអំឡុងពេលលំបាកនេះ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីផ្តល់ជាជំនួយបណ្តោះអាសន្នបន្ថែម ដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ក្នុងគោលដៅរក្សានូវលំនឹងជីវភាពរបស់ពួកគេ នៅក្នុងរយៈពេលនៃវិបត្តិនេះ ចំពោះវិស័យអប់រំ ក្រោយពីបានបិទសាលារៀនមួយរយៈកន្លងមក, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញដែលតម្រូវឱ្យគ្រឹះស្ថានសិក្សា  អនុវត្តន៍នូវវិធីសាស្ត្រសិក្សាចម្រុះ គឺ  ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិករួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន គួបផ្សំជាមួយនឹងការប្រតិបត្តិហ្មឹងម៉ាត់ នូវគោលការណ៍រក្សាគម្លាតសង្គមនិង វិធានការ ការពារផេ្សងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ទោះបីជាជំងឺរាតត្បាតកូវីដ១៩ បាន និង កំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច,ក៏ប៉ុនែ្ត រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ជាក់សែ្តង យើងបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និង ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស

លើសពីនេះទៀត ដើម្បីក្តាប់យកឱ្យបានជាអតិបរមានូវកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្មទី រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និង រដ្ឋាភិបាលអេឡិចត្រូនិកផងដែរ សម្ដេចតេជោក៏បាម្លឹកថា ក្នុងបរិការណ៍នេះក្នុងអំឡុងទស្សនកិច្ចរបស់ ឯកឧត្តម លីយ៉ុង អគ្គនាយកនៃ UNIDO មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៧ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០១៨២០២៣ក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហូបនីយកម្មនៅកម្ពុជា ដែលក្នុងកាលៈទេសៈបច្ចុប្បន្ន យើងរំពឹងថា កម្មវិធីភាពជាដៃគូប្រចាំប្រទេសនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ថែមទៀត៕

ដោយ ជឹម ណា