ឯកឧត្តម កើត រិទ្ធ កាត់ខ្សែបូរប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងប្រកាសចូលកាន់មុខតំណែងប្រធាន ព្រះរាជអាជ្ញា និងអគ្គលេខាធិការសាលាឧទ្ធរណ៍ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូរប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ  និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ។

ពិធីនេះក៏មានការចូលរួមពីសមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងយុត្តិមធម៌ អស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ មានទីតាំងក្នុងសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ នារសៀលថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូតវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។

យោងតាមព្រះរាជក្រឹត្យបានប្រកាសតែងតាំងឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងឯកឧត្តម លឹម ស៊ីណាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ។

ឯកឧត្តម កើត រិទ្ធ បានអបអរសាទរប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ ការចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងមានសាលាឧទ្ធរណ៍តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើតនឹងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញផងដែរ ។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ។ ពិសេសជួយកាត់បន្ថយការចំ ណាយពេលវេលា និងការធ្វើដំណើរមកពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ ខាងលើមកកាន់រាជធានីភ្នំពេញ។ ការលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័សស្របតាមទិសដៅក្រសួងយុត្តិធម៌ ។ ក្រសួងយុត្តិធម៌បន្តខិតខំអនុវត្តន៍កម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិ ធម៌ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាល នីតិកាលទី៦ នៃរដ្ឋសភាសំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវយុតិ្ត ធម៌ និងស្អាតស្អំ បង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា ។ បន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿងបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងកុំឱ្យមានបញ្ហាកកស្ទះសំណុំរឿងដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅដែលក្រសួងយុតិ្តធម៌បាន និងកំពុងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជ ធានី-ខេត្ត នាពេលបច្ចុប្បន្ន ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងប្រកាសចូលកាន់មុខតំណែងប្រធានប្រធានសាលាឧទ្ធរ ណ៍ព្រះសីហនុ ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាកាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិ ការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ គឺជាការបើកទំព័រសករាជថ្មីមួយក្នុងប្រវត្តិសាស្រ្ត នៃប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា យើងធ្វើឱ្យប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ក្នុងដែនសមត្ថកិច្ចដែនដីរបស់ខ្លួនកាន់តែល្អបន្ថែមទៀត ដោយធានាបាននូវការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការលើកកម្ពស់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ពង្រឹងជំនឿទុកចិត្តពីសាធារណជន ចំពោះវិស័យយុត្តិធម៌នៅកម្ពុជា ។

ឯកឧត្តម គួច ចំរើន មានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ និងឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ នឹងខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាប្រកបដោយមនសិ ការវិជ្ជាជីវៈ ដោយការទទួលខុសត្រូវ ប្រកបដោយតម្លាភាព គណនេយ្យភាព រួមសាមគ្គីភាពជាធ្លុងមួយ ដើម្បីសម្រេចបាននូវស្នាដៃធំៗក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ផ្តល់ការកាត់ក្តីក្នុងការធានានូវភាពយុត្តិធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុ ភាពរបស់អង្គភាព ហើយសហការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជន ចំពោះវិស័យយុត្តិធម៌ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរទៀតគឺ ” កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ” ៕

ដោយ ងូ សុមុនី