អភិបាលខេត្តក្រចេះជំរុញឱ្យអាជ្ញាក្រុង ស្រុក ឃុំ សង្កាត់រឹតបន្តឹង និងបន្តការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ក្រចេះ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាក្រុង ស្រុក ឃុំ សង្កាត់ រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងបន្តការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ការជំរុញបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០២០ កាលពីរសៀលថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ ២០២០ ។

ឯកឧត្តមអភិបាលខេត្តក្រចេះ ក៏បានណែនាំ និងជំរុញផងដែរ អំពីការត្រៀមលក្ខណៈនិងវិធានការអនាម័យក្នុងការបើកសាលារៀនឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការបន្តចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់សាច់ប្រាក់ជូនពួកគាត់ផងដែរ ។

ចំពោះវិធានការការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្ដមអភិបាលខេត្តក្រចេះបានស្នើឱ្យមន្ទីរសុខាភិបាល រួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះពិនិត្យជាប្រចាំ ដោយធ្វើការណែនាំប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយជួន សុជាតិ