សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ២៥,០០០ដុល្លារអាម៉េរិកជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ (ជ័យវរ្ម័នទី៧)

AKP សៀមរាប ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

កាលពីរសៀលថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដោយបាននាំយកនូវថវិកាចំនួន២៥.០០០ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យនេះផងដែរ ។ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។

ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា តំណាងឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប ដែលទទួលបានពីការជិះកង់សប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលជំងឺកុមារកម្ពុជា ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។ លោកជំទាវ ក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ។ ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាងនេះទៅទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ដូច្នេះដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយ សង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ៕ ដោយ៖ហង្ស សៀក