ក្រសួងបរិស្ថានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិ ស្ថាន បានឱ្យដឹងថា ក្រសួងនឹងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន ” ក្រោមប្រធានបទ យើងរួមគ្នាថែរក្សាភពផែនដី ដែលការលើកឡើងនេះក្នុងពេល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារមេគង្គភ្នំពេញ។

ឯកឧត្តម សៅ សុភាព បានគូសបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន ” គឺដើម្បីលើកកម្ពស់ការយល់ដឹងពីបេតិ កភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។

ឯកឧត្តម សៅ សុភាព មានប្រសាសន៍បន្ថែមថា ភ្នំគូលែនគឺជាទីកន្លែងមួយដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប៉ុន្តែក៏មានបញ្ហាប្រឈមផ្សេងៗពីការបំពុលបរិស្ថានផងដែរ។ ប៉ុន្តែត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះលើភ្នំគូលែន ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺមិនមានឱ្យប្រើប្រាស់នូវសំណល់ប្លាស្ទិក ឬជាសម្បកដបទឹកនោះឡើយ ។ ទាំងនេះជាការចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងការបំពុលដោយប្លាស្ទិក ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមានការដាំកូនឈើចំពោះអ្នកដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែនដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់មួយយ៉ាងសំខាន់លើការគ្រប់ គ្រង ការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាត និងល្អប្រសើរវិញនៅថ្ងៃអនាគត ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះក៏ជាការផ្តល់ឱកាសដល់ប្រជាសហគមន៍នៅលើភ្នំគូលែន ចូលរួមក្នុងការផ្តល់សេវាកម្មផ្សេងៗ ជាការផ្គត់ផ្គង់លើផ្នែកចំណីអាហារ ដើម្បីទទួលបានជាប្រាក់ចំណូលសម្រាប់ជីវភាពដល់ពួកគាត់ថែមទៀតផង ក្នុងន័យលើកកម្ពស់សកម្មភាពទេសចរណ៍ធម្មជាតិ និងវប្បធម៌លើភ្នំគូលែន ។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន ” ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បន្នត្រូវបានការពារ និងអភិរក្សដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ភ្នំគូលែនមានវិសាលភាព ៣៧.៣៧៥ហិកតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន ៤ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម ។ មិនតែប៉ុណ្ណោះ ភ្នំគូលែន គឺជាតំបន់ផ្តល់នូវប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម ។ ដូច្នេះយើងត្រូវតែការពារ និងអភិរក្សធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា ៕

ដោយ ពេជ្រ ណារិទ្ធ