អភិបាលរងខេត្ត ចុះពិនិត្យមើលការងារជួសជុល និងកាត់តូបផ្សារណាត់ ដែលត្រូវភ្លើងឆេះ

AKP បាត់ដំបង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

នៅថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី0៣ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ និងលោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការងារជួសជុល និងកាត់តូបនៅផ្សារណាត់បាត់ដំបង ដែលត្រូវបានភ្លើងឆេះកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសចុះពិនិត្យមើលការងារកាត់តូបនៅផ្សារណាត់បាត់ដំបង ក្រោយពីបានបើក ឱ្យដំណើរការវិញហើយនោះ លោក សឿម ប៊ុនរិទ្ធ និងលោក ណុប ដារ៉ា បានជួបសំណេះ សំណាល ជាមួយអាជីវករផងដែរ ។ ដើម្បីរកដំណោះស្រាយជូនបងប្អូន ដែលជាអាជីវកររងគ្រោះ ឆាប់បានប្រកបរបររបស់ខ្លួនឡើងវិញ។ ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបង នេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៦ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស ។

ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ ផ្សារណាត់ក៏ត្រូវបានគេចាត់ទុកថា ជាសំណង់បេតិកភណ្ឌដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ។ ក្រោយពីមានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យតូបចំនួន ៣២តូប ក្នុងចំណោម ៥៥១តូប ខូចខាតទាំងស្រុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃខេត្តបាត់ដំបងទាំងអស់ បានខិតខំរៀបចំកន្លែងលក់ដូរ ក៏ដូចជាសណ្តាប់ធ្នាប់ ការធ្វើអនាម័យ និងលាងសម្អាត ជួសជុលឡើងវិញ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបងបន្ត)