មន្រ្ដីរាជការខេត្តកំពង់ឆ្នាំង ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាម ក្នុង​ក្រុងកំពង់ឆ្នាំង

​AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

មន្ត្រីរាជការនៃខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្ត​អារញ្ញការាម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជាច្រើននាក់ផងដែរ ។ ពិធីនេះបានធ្វើឡើង កាលពីថ្ងៃ​១រោច ខែភត្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានលើកឡើងពីពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះធ្វើបាន ដោយសារតែប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដាក់ចេញនូវគោល​នយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបាន​ប្រារព្ធ​ពិធីបុណ្យនានា ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តមបានបន្ដថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាស​​និកខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែល​បងប្អូនជាមន្ត្រី​រាជការ ពុទ្ធបរិស័ទជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀន​ធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមអភិបាលខេត្ត មន្រ្ដីរាជការ និងក្រុមការងារ​ទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះ​មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក​ខាងមុខ​ហើយនោះ។ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលី​ជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាព​អយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកមគ្គផលដែលបានឧទ្ទិស​ជូនតាម​រយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។

ក្នុងពិធីកាន់បិណ្ឌវេនទី១នេះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋបាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន៣.១៤០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអារញ្ញការាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យមួយចំនួន និងសម្រាប់វត្ត មានភេសជ្ជៈ គ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាដល់លោកយាយជី តាជីផងដែរ ៕ ដោយ៖បៃ ស៊ីថុន