សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សា ការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានស្ថាប័នសភាប្រទេសទំាងពីរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរនាពេលកន្លង និងបានសន្យាថា​ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត​ ទំាង ទ្វេភាគី និងពហុភាគី ដូចជាក្នុងក្របខ័ណ្ឌ សហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) និងវេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើមនោះ។

ឯកឧត្តម មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះសម្តេចប្រធាន ដែលមានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឱ្យប្រទេស កម្ពុជាមានការអភិវឌ្ឍជឿនលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងសភា នៃប្រទេសទាំងពីរ។

ឯកឧត្តមបានស្នើសុំរដ្ឋសភាកម្ពុជា គំាទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធាន IPU ក្នុងអាណត្តិ ឆ្នាំ២០២០-២០២៣ និងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ រដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា។​ សម្តេច នឹងជំរុញក្រុមសភាជាតិកម្ពុជា IPU ពិចារណា និងគាំទ្រចំពោះសំណើរបស់សភាប៉ាគីស្ថាននេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគំាទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ​ នាដើមខែកញ្ញា ខាងមុខនេះ ផងដែរ៕

ដោយ​ ប៉ាល់ សុង