លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ស្ថានភាពអ្នកជំងឺកូវីដ១៩ ដែលនៅសេសសល់ទាំង០៣រូប ស្ថិតក្នុងភាពល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នេះថា ស្ថានភាពសុខភាពរបស់អ្នកជំងឺដែលនៅសេសសល់ទាំង០៣នាក់នេះ គឺល្អប្រសើរ ដោយពុំមានរោគសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ។

លោកជំទាវបានគូសបញ្ជាក់ថា ៖ “ខ្ញុំសូមជម្រាបជូនថា អ្នកជំងឺកូវីដ១៩ ទាំង០៣នាក់ ដែលនៅសេសសល់នេះ គឺស្ថានភាពរបស់ពួកគាត់ពុំមានអ្វីគួរឱ្យកត់សម្គាល់ ឬព្រួយបារម្ភនោះទេ ហើយពេលនេះក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ព្យាបាល ដើម្បីឱ្យពួកគាត់ឆាប់បានជាសះស្បើយ និងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញ”។

លោកជំទាវក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខណៈដែលថ្ងៃកាន់បិណ្ឌវេនទី១ថ្ងៃនេះ បានឈានមកដល់ សូមឱ្យបងប្អូនបន្តអនុវត្តវិធានការការពារខ្លួន ដោយប្រើវិធីសាមញ្ញងាយៗមួយចំនួន ដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងអនាម័យដៃស្អាតជាដើម នៅពេលទៅទីវត្តអារាម។

គួររម្លឹកផងដែរថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ថ្មីទៀត ដែលធ្វើឱ្យករណីព្យាបាលជាសះស្បើយសរុប មានចំនួន ២៧១នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេស ចំនួន២៧៤នាក់៕

ដោយ ផែន រតនៈ