ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលអំណោយជាគ្រឿងយន្តកសិកម្មពីក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

អំណោយជាគ្រឿងយន្តកសិកម្មរួមមាន ត្រាក់ទ័រ០៣គ្រឿង គ្រឿងយន្តប្រមូលពោត០​១​ គ្រឿងយន្តរាស់ដី០១ គ្រឿងយន្តដាំគ្រាប់០២ គ្រឿងយន្តសាបគ្រាប់០២ Droon០១ គ្រឿង​យ​​ន្ត​សណ្តោង០១ និងRound Baker០២ ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សា​​ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែ​​​កញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការចូលរួមរបស់ឯកឧត្ដម វេង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​អំ​ណរ​គុ​ណយ៉ាងជ្រាលជ្រៅចំពោះ​ក្រុមហ៊ុន ​ដែលបានជំនួយឧបត្ថម្ភជាគ្រឿងយន្តសម្រាប់បម្រើឱ្យ​វិ​ស័​យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិ-ឧស្សាហ​ក​ម្ម។

ឯកឧត្ដមបានបន្តទៀតថា ជំនួយដ៏មានតម្លៃនេះ វានឹងចូលរួមចំណែកក្នុងការ​លើកកម្ព​ស់​ប្រសិទ្ធភាពការងារ ចំណេញពេល និងពលកម្ម ជាពិសេសចូលរួមលើកកម្ពស់​ការធ្វើទំនើប​ក​ម្ម​​កសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មដើម្បីបង្កើនសមត្ថភាពផលិត ធានាទាំង​បរិ​មា​ណផ្គត់ផ្គង់ និងគុណភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែជំរុញ យ៉ាងសកម្ម​ចល​នា​បង្កបង្កើនផល ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម។

ឯកឧត្តម​រដ្ឋ​មន្ត្រីក្រសួងកសិកម្ម តាមរយៈក្រុមហ៊ុន ក៏បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលចិន ដែ​​ល​បានជួយជំរុញ និងបើកផ្លូវឱ្យក្រុមហ៊ុនចិនធំៗមកវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា ដែ​លការវិនិយោគនេះជាផ្នែកមួយយ៉ាងសំខាន់ដល់ ការអភិវឌ្ឍវិស័យនេះ​ឱ្យរីកចម្រើន ​ទាំងពេ​ល​បច្ចុប្បន្ន ក៏ដូចជាពេលអនាគត ហើយឯកឧត្ដមសង្ឃឹម និងជឿជាក់ក្រុមហ៊ុន​នឹងជួយ​ផ្គត់​ផ្គ​ង់​​គ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ក្នុងតម្លៃសមរម្យអាចទទួលយកបានផងដែរ៕

ដោយ ជឹម ណារី