ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងកម្លាំងការពារសន្តិសុខសណ្តាប់​ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ

AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

លោកឧត្តមសេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការស្តីទីនគរបាល​ខេត្តបន្ទាយមានជ័យ ​ បានបញ្ជាឱ្យកម្លាំងនគរបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ប្រចាំការ​នៅតាមគោល​ដៅរបស់ខ្លួន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមដោះស្រាយ បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០នេះ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍​ត្រី សិទ្ធ ឡោះ ធ្វើឡើងក្នុង​ កិច្ចប្រជុំផ្សព្វផ្សាយពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិឆ្នាំ២០២០​ នៅស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនេះ ​មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ ការិយាល័យ ​នគរបាលការពារព្រំដែនលោកអធិការនគរបាលស្រុកក្រុង និងមន្រ្តីពាក់ព័ន្ធមួយ ចំនួនទៀត​ដោយបានចូលរួមមតិយោបល់ជាច្រើន ទាក់ទងទៅនឹងការរៀបចំផែនការ និងរៀបចំ កម្លាំងចម្រុះដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ជួយសម្រួលចរាចរណ៍​ជូនប្រជាពលរដ្ឋ ដែលអញ្ជើញ ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានណែនាំដល់សមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ និងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មើសនានា ដូចជាករណីលួចឆក់គាស់ទ្វារឬកញ្ចក់ រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហួបអាហារទៅប្រគេនព្រះសង្ឃ និងទៅដើរលេងតាម ទីកន្លែងកម្សាន្តនានា ​។

ឧត្តមសេនីយ៍​ត្រី សិទ្ធ ឡោះ បានបញ្ជាក់ទៀតថា មួយវិញទៀត គ្រប់គោលដៅ ទាំងអស់តាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក និងតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាលត្រូវតែមានមន្ត្រីនៅប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជា​ពលរដ្ឋ៕

ដោយឈុនសារ៉ាត