ខេត្តកណ្តាល ប្តេជ្ញារៀបចំការប្រកួតកីឡាមហាជន ដោយប្រុងប្រយ័ត្នខ្ពស់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានប្តេជ្ញាចិត្តថា នឹងរៀបចំការប្រកួតកីឡាមហាជនជ្រើសជើងឯកប្រចាំឆ្នាំ២០២០ របស់ខេត្ត ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានវិធានការ ប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជំងឺកូវីដ-១៩។

ប្រធានការិយាល័យកីឡារូបនេះបានបញ្ជាក់ថា ការប្រកួតប្រជែងនឹងប្រើប្រាស់ រយៈពេល១១ថៃ្ងនេះ ដោយខេត្តរៀបចំអនុវត្តវិធានការ ការពារប្រុងប្រយ័ត្នខ្ពស់បំផុតដោយ អនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាការប្រកួតឡើយ ហើយគ្រប់ទីលានប្រកួតទាំងនឹងមាន ការត្រួតពិនិត្យសុខភាពគ្រប់សមាសភាពអ្នកចូលរួមឱ្យបានត្រឹមត្រូវ។

ព្រឹត្តិការណ៍នេះមាន៤ប្រភេទកីឡា ដាក់ឱ្យប្រកួតប្រជែង ដូចជាបាល់ទាត់ បាល់ទះ អត្តពលកម្ម និងកីឡាទាញព្រ័ត្រ ក្នុងគោលដៅសម្រិតសម្រាំងរកកីឡាករ កីឡាការិនី ឆ្នើមៗដែលជាយុវជនប្រចាំខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ដណ្តើមយកមេ ដាយពីការប្រកួតកីឡាមហាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ធំប្រចាំ៕

ដោយ ហេង ណាលីន