សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល្លឺម៉ង់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០–

កាលពីថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល្លឺម៉ង់ ដែលសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដោយទទួលបានការចូលរួមពីតំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងវិស័យឯកជន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចការពារអ្នកប្រើប្រាស់ជាប្រធានបទមួយថ្មី និងមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការជំរុញការយល់ដឹងឱ្យបានទូលំទូលាយ បង្កើតឱ្យមានច្បាប់ស្តីពីកិច្ចការ ពារអ្នកប្រើប្រាស់ បង្កើតគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បទបញ្ញត្តិគាំទ្រនានា និងការជំរុញសកម្មភាពកិច្ចការពារអ្នកប្រើប្រាស់ ក្នុងគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ។ សំដៅកំណត់វិធាន និងយន្តការក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ កសាងទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងពាណិជ្ជករ ដើម្បីចូលរួមចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្មដោយសុចរិត និងជាពិសេស លើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ អគ្គនាយកដ្ឋាន ក.ប.ប. បានទទួលការគាំទ្រផ្នែកបច្ចេក ទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំការស្ទង់មតិថ្នាក់ជាតិស្តីពី «កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា» ហើយអង្គការ GIZ ក៏បានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ដែលនេះបង្ហាញពីការចូលរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអន្តររដ្ឋាភិបាលអាល្លឺម៉ង់ និងកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងកិច្ចការអភិវឌ្ឍក្នុងវិស័យជាអាទិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រក្នុងគម្រោងថ្មីនេះ គឺគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍអាល្លឺម៉ង់ អនុវត្តន៍ដោយអង្គការ GIZ មានរយៈពេល ៣ឆ្នាំ ដែលបន្តរហូតដល់ឆ្នាំ២០២២ មានគោលបំណងសំខាន់ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន ហើយផ្តល់ការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំឱ្យអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអង្គការ GIZ ដែលជាដៃគូអភិវឌ្ឍន៍យូរឆ្នាំ និងស្មោះត្រង់ ដើម្បីអនុវត្តន៍គម្រោងនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា សិក្ខាសាលានេះ នឹងចូលរួមយ៉ាងសកម្ម តាមរយៈកិច្ចពិភាក្សា និងផ្តល់ធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអនុវត្តន៍បន្ត ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង ជំនាញ សមត្ថភាព អាកប្បកិរិយា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ទេស ច័ន្ទសុធារី