ព្រះសង្ឃនៅវត្តស្វាយរមៀត ខិតខំអនុវត្តន៍នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

AKP សៀមរាប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០–

អំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ គ្រប់វត្តអារាមនៅខេត្តសៀមរាបបានត្រៀមលក្ខណៈអនុវត្តន៍ នូវវិធានការទប់ស្កាត់កូវីដ-១៩ ឱ្យមានប្រសិទ្ធភាព តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណវត្ត និងការរៀបចំកន្លែងដាក់ទឹកអាល់កុលសម្រាប់ពុទ្ធបរិស័ទបានលាងសម្អាតដៃ។

ព្រះគ្រូវិមលសំវរ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដីកាឱ្យដឹងថា សម្រាប់វត្តស្វាយរមៀត នៅកន្លែងរៀបចំកម្មវិធីពូនភ្នំខ្សាច់ កន្លែងបោះបាយបិណ្ឌ និងកន្លែងប្រគេនចង្ហាន់សុទ្ធតែដាក់ទឹកអាល់កុលទុកឱ្យពុទ្ធបរិស័ទលាងដៃ។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានរៀបចំកន្លែងលាងសម្អា តដៃជាមួយសាប៊ូ និងដាក់ទឹកអាល់កុលសម្រាប់ពុទ្ធបរិស័ទ បានលាងដៃសម្អាតមេរោគជាច្រើនកន្លែង រួមជាមួយការចាក់សារអប់រំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ តាមរយៈមេក្រូផងដែរ។

ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គបានបង្រៀនដល់កូននេនតូចៗ ឱ្យចេះលាងដៃឱ្យបានស្អាតឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះការធ្វើអនាម័យឱ្យបានស្អាតជាប្រចាំនេះ គឺជាកត្តាមួយដ៏សំខាន់ក្នុងការការពារការឆ្លងមេរោគកូវីដ-១៩នេះ។ សម្រាប់ព្រះសង្ឃគ្រប់អង្គដែលគង់នៅក្នុងវត្តស្វាយរមៀតនេះ គឺព្រះអង្គតែងតែណែនាំជាប្រចាំដើម្បីឱ្យអនុវត្តន៍ជានិច្ច ក្នុងការលាងសម្អាតដៃឱ្យបានស្អាត។ ក្រៅពីនេះសម្រាប់យាយជី តាជី រួមជាមួយពុទ្ធបរិស័ទ ដែលមកកាន់បិណ្ឌ គឺត្រូវបានឱ្យលាងសម្អាតដៃជាមួយអាល់កុលឬសាប៊ូ មុនពេលឡើងទៅស្តាប់លោកសូត្រមន្ត ឬទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដោយមានគម្លាតសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវតាមរយៈសង្ឃប្រកាសឱ្យពុទ្ធបរិស័ទ និងព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ខាងមុខនេះ៕ ដោយ៖ឃុត សៅ