ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បង្ហាញថា ស្ត្រីផ្ទុកមេរោគអេដស៍៣នាក់ ទើបសម្រាលកូន ពុំមានចម្លងមេរោគអេដស៍ដល់ទារកឡើយ

(សៀមរាប)៖ ស្រ្តីជាម្ដាយ ៣នាក់ មានផ្ទុកមេរោគអេដស៍ បានសម្រាលកូនដោយសុវត្ថិភាព នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ត និងពុំមានការចម្លង មេរោគអេដស៍ទៅទារកឡើយ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីរពេទ្យ លើកឡើងថា តាមរយ:បទពិសោធន៍របស់គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា បានធ្វើការវះកាត់យកទារកទាំង៣នាក់ដោយសុវត្ថិភាព។ ប៉ុន្តែបន្ទាប់ពីការសម្រាលនេះ អ្នកម្ដាយមានផ្ទុកមេរោគអេដស៍ ពុំអាចបំបៅកូនទឹកដោះខ្លួនឯងផ្ទាល់បានឡើយ ចៀសវាងការចម្លងមេរោគអេដស៍ទៅដល់ទារកតាមរយ:ទឹកដោះ។ ជាមួយនោះ ចំពោះស្ត្រីមានផ្ទុកមេរោគអេដស៍ ទើបសម្រាលកូននោះ នឹងទទួលបាន ការឧបត្ថម្ភពីមន្ទីរពេទ្យ ជាម្សៅទឹកដោះគោ សម្រាប់ទារករយៈពេល៩ខែ។

ក្នុងឱកាសនោះ លោក ហឿន សំនៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននាំយកនូវអំណោយសប្បុរសធម៌ជូនដល់ ស្រ្តីផ្ទុកមេរោគអេដស៍ទាំង៣នាក់នោះផងដែរ។ ស្ត្រីមានផ្ទុកមេរោគអេដស៍ទាំង៣នាក់នោះ÷ 

១- ស្ត្រីឈ្មោះ លី គឹមស្រីថេង អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានជីវភាពទីទ័លក្រ និងជាស្រីមេម៉ាយ មានកូន២នាក់ ម្តាយឪពុកបាត់បង់ការងារដោយសារវិបត្តិកូវីត១៩ ជីដូនចាស់ជរា ព្រមទាំងមាន ក្មួយកំព្រា ៣នាក់រស់នៅក្នុងបន្ទុកថែមទៀតនោះ ទទួលបាន អង្ករ ២០០គីឡូក្រាម, ត្រឹខ , ទឹកត្រី, ទឹកស៊ីអុីវ និងថវិកា ១លានរៀល។ បន្ថែមពីនោះ លោក ក៏នឹងបន្តជួយឧបត្ថម្ភក្នុងខែ ១០០ដុល្លារ រយៈពេល៣ខែ។

២- ស្ត្រីជាម្តាយ មានផ្ទុកមេរោគអេដស៍ ២នាក់ទៀត ទទួលបានអំណោយក្នុងម្នាក់ៗ ទទួលបាន អង្គរ៥០គីឡូក្រាម, ត្រីខ , ទឹកស៊ីអុីវ, ទឹកត្រី និងថវិកា៣០ម៉ឺនរៀល ។

គួរជម្រាបជូនថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ការសម្រាលកូននៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ត នៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ មន្ទីរពេទ្យទទួលពិនិត្យស្រ្តីមានផ្ទៃពោះបានចំនួនជិត ៩ម៉ឺននាក់ និងទទួលស្រ្តីឲ្យសម្រាលកូនមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ គិតជាមធ្យមក្នុង១ថ្ងៃ ក្នុងមន្ទីរពេទ្យនេះមានស្រ្តីសម្រាលកូនចន្លោះពី ៧០នាក់ ដល់ ១០០នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប