ស្វីស ប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០–

​រដ្ឋាភិបាលស្វីស នឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន ដែលមានរយៈពេល​៤ឆ្នាំ ទៀត។​នេះជាការលើកឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហ ប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួង ទេសចរណ៍ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

​លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាល ប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តន៍តាមប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តន៍ លើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈជា ដើម។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមខេត្តភាគខាងជើង និង ភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

​លោក ម៉ាខឺស ពិតជាចាប់អារម្មណ៍នឹងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលកម្ពុជាសម្បូរ ទៅដោយសម្បត្តិធនធានធម្មជាតិ សក្ដានុពលទេសចរណ៍ ពិសេសគឺតំបន់អេកូទេសចរណ៍ ដែលមាននៅតាមខេត្តភាគខាងជើង និងភូមិភាគឦសាន ជាហេតុធ្វើឱ្យលោកកាន់តែ ស្រលាញ់ចូលចិត្ត និងចង់ចូលរួមអភិរក្សការពារ។
ដើម្បីជួយការពារធនធានធម្មជាតិទាំងនេះឱ្យគង់វង្សបាន ត្រូវបង្កើនសក្ដានុពលខាង វិស័យអេកូទេសចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋមូលដ្ឋានមានចំណូលបានច្រើនចៀសផុតពី ការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ ដែលនាំទៅដល់ការវិនាសហិនហោចនូវធនធាន ធម្មជាតិក្នុងប្រទេស។ ដូច្នេះហើយទើបលោកចង់ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជា ជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញ ច្បាស់លាស រឹងមាំ អាចបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍បានច្រើន។

គំនិតស្រលាញ់ធនធានធម្មជាតិនៅកម្ពុជានេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ខណៈភាគីទាំងពីរក៏បានប្ដេជ្ញាថា នឹងជំរុញការ អនុវត្តការងារខាងលើនេះឱ្យបានខ្លាំងក្លា នាពេលខាងមុខ ពិសេសនៅក្រោយ ពេលវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀប ចំស្ដង់ដារទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញា បនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។

ជាមួយគ្នានោះ ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់គ្រួសារ ដែលងាយរងគ្រោះ ឬគ្រួសារពលរដ្ឋនៅខេត្តសៀមរាប ដែលមានទំនោរចង់ធ្វើចំណាក ស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេមានជំនាញផ្ទាល់ខ្លួន ហើយងាក មកចាប់យកការងារលើវិស័យទេសចរណ៍ក្នុងប្រទេស ឬក្នុងមូលដ្ឋានរបស់ខ្លួនវិញ។

កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏ត្រូវ មានការឆ្លើយ តបទៅនឹងស្ដង់ដាអាស៊ាន ហើយក៏ឆ្លើយតបទៅនឹងរបៀបរបបនៃការរស់នៅថ្មី ឬ New Normal Life ក្នុងពេលមានវិបត្តិជំងឺកូវីដ និងក្រោយពេលវិបត្តិនេះផងដែរ។

មិនតែប៉ុណ្ណោះ ស្វីសថែមទាំងបានចូលរួមជួយកម្ពុជាក្នុងការរៀបចំស្ដង់ដារ អាស៊ាន ចំនួន២ គឺស្ដង់ដារស្ប៉ា-ម៉ាស្សា និងស្ដង់ដារ MICE ដែលកម្ពុជាដឹកនាំលើ ការងារនេះ។ បន្ទាប់ពីរៀបចំស្ដង់ដាអាស៊ានទាំងពីរនេះបានហើយ ស្វីសក៏កំពុងពិចារ ណាលើគម្រោង កម្មវិធីជួយបណ្ដុះបណ្ដាលជំនាញស្ប៉ា-ម៉ាស្សា និងជំនាញ MICE នេះដល់ប្រជាពលរដ្ឋ កម្ពុជាផងដែរ៕ ដោយ ម៉ៅ ចរិយា