រដ្ឋមន្ត្រីក្រសួងធម្មការជំរុញដល់មន្រ្តីរាជការក្រោមឱវាទក្រសួង ក្នុងឱកាសពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវចេះថែរក្សាអនាម័យសុខភាពជាប្រចាំ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបាន​ជំរុញដល់មន្រ្តីរាជការ ក្រោមឱវាទក្រសួងទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទនេះ ត្រូវចេះថែរក្សា​អនាម័យ​សុខភាពជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួមក្នុងពិធីផ្តល់នូវគ្រឿងបរិភោគមានអង្ករជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តី​ជាប់​កិច្ចសន្យាក្រោមឱវាទក្រសួង ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​រាតត្បាតដោយជំងឺ​កូវីដ-១៩ នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួងធម្មការ​និងសាសនា។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់​មន្រ្តីថ្នាក់ដឹកនាំមន្រ្តីក្របខ័ណ្ឌ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងធម្មការ និងសាសនា​ទាំងមូលកន្លងមក ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះវិស័យធម្មការ និងសាសនា ដែលដឹកនាំគ្រប់គ្រងសហការលើសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពោល គឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍​លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។

ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ក្រៅពីការយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួង​បានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ដែលមាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា។ ជាក់ស្ដែងក្នុងពេលនេះ ក្នុងស្ថាន​ភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ កាចសាហាវបំផុតបានខិតខំផ្សព្វ​ផ្សាយ​ឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ដើម្បីបង្ការការប្រយុទ្ធប្រឆាំងទៅនឹងឆ្លងជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស់ ឬក្រមា រក្សាអនាម័យដោយទឹកអាល់កុល ឧស្សាហ៍លាងដៃ ហើយ​កុំឱ្យនៅកៀកគ្នាពេកត្រូវនៅចម្ងាយយ៉ាងតិច១ម៉ែត្រកន្លះ៕

ដោយ ឡុង ស៊ីវ៉ាន់