ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញពិនិត្យមើលផ្លូវលំក្រាលថ្មមិច ប្រវែងជាង២០គីឡូម៉ែត្រ នៅក្រុងប៉ោយប៉ែត ដែលទើបជួសជុលហើយដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់

AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃ ទី០២ ខែ​​កញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនៃការជួសជុលផ្លូវដីមក ជាផ្លូវក្រាលថ្មមិចចំនួន១៩ខ្សែ ប្រវែងជាង២០​គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបានស្ថាបនារួចរាល់ឆ្លើយ តបទៅនឹងសេចក្តីត្រូវ ការរបស់​ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍​ទៅមករាល់ថ្ងៃបានងាយ ស្រួលជាងមុននោះ។

​នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ដោយមានការគិតគូរខ្ពស់ ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និងរួម ចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហមក្រាលថ្មមិច មកជាផ្លូវក្រាសកៅស៊ូបេតុង ជាបណ្តើរៗ​សម្រាប់ការប្រើប្រាស់បានយូរអង្វែង​នោះ។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ទោះបីផ្លូវលំប្រវែងជាង២០គីឡូម៉ែត្រនៅក្នុង ក្រុងប៉ោយប៉ែតនេះដែលបានធ្វើការជួសជុលពីផ្លូវដីមកក្រាលថ្មមិច ដើម្បីជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋសិន ប៉ុន្តែជាគម្រោងនៅពេលខាងមុខនឹងស្ថាបនាជាផ្លូវបេតុង ឬក្រាសកៅស៊ូវិញដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។​​ជាមួយនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ ដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តបន្ទាយមានជ័យ ដែលតែងតែបានយកចិត្ត ទុកដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូតខាតនៅតាម បណ្តាស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដោយកន្លែងខ្លះការស្ថាបនាឡើងដោយ ចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀត​ជួសជុលដោយក្រាលគ្រួសក្រហមថ្មមិចទៅតាមលទ្ធភាពថវិកា ដែល យើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋនិង​សប្បុរសជនរួមគ្នា កសាង។
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណការ នឹងដឹកជញ្ជូនមន្ទីរអភិវឌ្ឍន៍ជនបទរួមសហការជាមួយអាជ្ញាធរដែនដី ត្រូវបន្តការយកចិត្ត ទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាតត្រូវប្រញាប់ប្រញាល់ ធ្វើការជួសជុលឡើង វិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំង ខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយ នៅតាមមូលដ្ឋានឱ្យប្រើ ប្រាស់បានយូរអង្វែងនោះ។

​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ឱ្យដឹងដែរថា ការស្ថាបនាផ្លូវនេះ ឡើងវិញ ដោយជំនួសពីផ្លូវដីមកក្រាលថ្មមិចនេះជាការជួយសង្គ្រោះជាបន្ទាន់សិន ដោយ សារផ្លូវប្រវែងជាង២០គីឡូម៉ែត្រនេះ ដែលបានរងការខូតខាតដោយសារការបំផ្លាញពីទឹក​​ភ្លៀងក្នុងរដូវវស្សា​នេះនឹងតាមសំណូមពរទទូចពីប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនកសិផលយ៉ាងមមាញឹក ពីប្រជាពលរដ្ឋក្នុងក្រុង ប៉ោយប៉ែតនេះ ​៕

ដោយឈុនសារ៉ាត