មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ៖ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះ និងបាត់បង់ឱកាស

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើកឡើងថា ក្រសួងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅ​របស់យើងគឺសម្រេចឱ្យបាន ជាអតិបរមានូវកម្មវិធី “មុខរបរ និងការងារសមរម្យ​របស់​យុវជន​នៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស តាមរយៈការផ្តល់នូវការ បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និងការបង្កើតអាជីវកម្ម ដើម្បី ធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួម បង្កើតសហគ្រាស ឬអាជីវកម្មប្រកបដោយចីរភាព។

ថ្លែងក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារ សមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២” សម្រាប់ឆ្នាំ២០២០-២០២៣ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា វិបត្តិដែលបង្កដោយការរីករាយដាលជាសកលនៃជំងឺកូវីដ-១៩ បាន​​និងកំពុងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងទាំងផ្នែក សេដ្ឋកិច្ច និងសង្គម នៅ​ព្រះរា​ជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការ​បានបន្ថែមថា “យើងក៏សង្កេតឃើញថា ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុង​តែធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅរកការអនុវត្តសកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ ថ្មីធម្មតា”។ ឯកឧត្ដមបានបន្ដថា ជាក់ស្តែង សកម្មភាពអប់រំ និងបណ្តុះបណ្តាល​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការតាមដំណាក់កាល សង្ឃឹមថា​ នឹង​ជួយសម្រួលដល់ការអនុវត្តសកម្មភាពគម្រោងរបស់យើងត្រឡប់ទៅរកភាពប្រក្រតីវិញ។

ឯកឧត្ដមបានបន្ដទៀតថា រាជរដ្ឋាភិបាល ដែលរួមមានសាមីក្រសួងដែលពាក់ព័ន្ធ​ក្នុងកម្មវិធីរបស់យើងនេះ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការឆ្លើយតបជាយុទ្ធ​សាស្រ្ត និងគោលនយោបាយ ទៅនឹងវិបតិ្តជំងឺកូវីដ-១៩ ក៏ដូចជាការបន្តដំណើរការ​កម្មវិធី​រួមគ្នារបស់យើងផងដែរ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេស​កម្ពុជា និងជាសហប្រធានក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា ដោយសារតែជំងឺកូវីដ១៩​នេះ បានធ្វើឱ្យប្រជាពលរដ្ឋបានបាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រី កំពុងប្រឈម​នឹងហានិភ័យ នៃការបាត់បង់ការងារខ្ពស់។ លោកស្រីបានបន្ដថា “វាជាឱកាសសម្រាប់ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ដែលយើង អាចជំនួសបាននូវបញ្ហាប្រឈមនេះកាន់តែប្រសើរ”។

សូមរម្លឹកផងដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់​កាលទី២នេះ ត្រូវបានរៀបចំបន្តពីជំហានទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ​មួយចំនួន។ ក្នុងកម្មវិធីដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំង​បុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយ​ផលិត​ភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀម ខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕

ដោយ ប៊ុនរិទ្ធ