ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ស្នើសុំអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្ដីក្រសួងព័ត៌មាន​ផ្លាស់ប្ដូរ​ទស្សន​កិច្ចគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តម Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជាបានស្នើ​សុំ​​អញ្ជើញរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំ និង​មន្រ្ដីក្រសួង​ព័ត៌មានទៅបំពេញ​ទស្សន​កិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ចគ្នាទៅវិញទៅមក​រវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិការលើវិស័យព័ត៌មានរវាង​សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ​(កូរ៉េខាង​ជើង) និងកម្ពុជាឱ្យកាន់តែរឹងមាំថែម​ទៀត ខណៈ​ពេល​ដែល​ជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ នេះបើយោងតាមការបញ្ជាក់របស់​ឯកឧត្ដម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សា​ការងាររវាងឯកឧត្តម Jan Yun Gon ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម Jan Yun Gon បានលើកឡើងពីទំនាក់ទំនង ចំណងមិត្ដភាពរវាងក្រសួង ព័ត៌មាន ជាមួយប្រទេសកូរ៉េខាងជើង ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាន​តភ្ជាប់តាំងពីអតីតកាល​ រហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា ស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា នឹងផ្ដល់នូវរូបភាព ក៏ដូចជាទិដ្ឋភាពថ្មីៗក្នុងប្រទេស​កូរ៉េខាងជើង ដើម្បីផ្ដល់ជូនដល់ក្រសួងព័ត៌មានក្នុងការជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ រីក​ចម្រើនពីវឌ្ឍនភាព និងវប្បធម៌របស់កូរ៉េខាងជើង។ ទន្ទឹមននេះ កន្លងមកប្រទេសទាំងពីរ ​កូរ៉េខាង​ជើង និងកម្ពុជាបានចងសម្ព័ន្ធភាពយ៉ាងរឹងមាំចាប់តាំងពីអតីតកាលរវាង​ថ្នាក់ដឹក​នាំកំពូលរបស់កម្ពុជា គឺអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតន​កោដ្ឋ និងថ្នាក់​ដឹក​នាំកំពូល​របស់ប្រទេសកូរ៉េខាងជើង ដែលបានបន្សល់ទុកនូវចំណង​មិត្ដ​ភាពនេះ រហូតបន្ដ​មកដល់ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមក៏​បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំង​ការ​បន្ដ​កិច្ចព្រមព្រៀងលើវិស័យព័ត៌​មាន​រវាងក្រសួងព័ត៌មានកម្ពុជា និងគណៈកម្មាធិការ ព័ត៌មាននៃ​​សាធារណរដ្ឋ ប្រជាមានិតប្រជា​ធិប​តេយ្យកូរ៉េ ដែលកិច្ចព្រមព្រៀងនេះ គឺបាន ធ្វើឡើងចាប់តាំងពី ឆ្នាំ១៩៩៤ មកម្លេះ ដោយ​ភាគីទាំងពីរបានចុះហត្ថលេខា។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការស្វាគមមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ និងការផ្លាស់ប្ដូរលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មាន និង​គណៈកម្មាធិការព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតប្រជា​ធិប​តេយ្យកូរ៉េ ដែលបានចុះកិច្ច ព្រមព្រៀងជាមួយគ្នានាពេលកន្លងមក ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលនានា ការអភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ រួមទាំងវប្បធម៌ និងការរស់នៅរបស់ប្រជាជន​ក៏ដូចជារដ្ឋាភិ​បាល​នៃប្រទេសទាំងពីរផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដសហ ការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដើម្បីផ្ដល់ជូននូវព័ត៌មាន ក៏ដូច​ជារូបភាព ទាក់​ទងនឹងទិដ្ឋភាពថ្មីៗ ការអភិវឌ្ឍរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេស កូរ៉េខាងជើង សម្រាប់ចុះផ្សាយនៅក្នុងទស្សនាវដ្ដីកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានរម្លឹកផងដែរអំពីការបង្កើតនូវទំនាក់ទំនង និងចំណងការទូតរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលមានតាំងពីអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតន​កោដ្ឋ ជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ហើយទំនាក់ទំនងនេះបានបន្ដរហូត​មក​ដល់​ថ្នាក់ដឹក​​នាំ​ប្រទេស​ទាំងពីរ នាពេលបច្ចុបន្ន៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា