អភិបាលខេត្ត សម្ពោធដាក់ឱ្យប្រើអគារការិយាល័យច្រកចេញ-ចូលតែមួយ នៅស្រុកពញាឮ

AKP កណ្តាល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០–

នៅ ថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកពញាឮ នៅសាលាស្រុកពញាឮ ខេត្តកណ្ដាល ដោយមានមន្ត្រីពាក់ព័ន្ធចូលរួមប្រមាណ ៥១៣នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះក្នុងអំឡុងនៃជំងឺកូវីដ-១៩ កន្លងទៅបានបើកផ្តល់សាច់ប្រាក់ក្នុងជុំទី១៣ហើយ ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ជាប្រភេទក្រ១ និងក្រ២។ ខណៈនេះដែរ ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តដល់ក្រុមយុវជនរបស់យើង បើដឹងថាប្រជាពលរដ្ឋណាម្នាក់ក្រពិតប្រាកដ តែពុំទាន់ទទួលបានប័ណ្ណសមធម៌ទេ សូមជួយរាយការណ៍មកមេឃុំ ចៅសង្កាត់និងក្រុមការងារ ធ្វើការសម្ភាសន៍តាមរយៈថេបឡេត ដើម្បីទទួលបានប័ណ្ណសមធម៌ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាបញ្ហាចោទដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ ។ និយាយដោយឡែកសម្រាប់កម្ពុជាយើងវិញក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានចាត់វិធានការទប់ស្កាត់បានទាន់ពេល។ ជាក់ស្តែងអ្នកឆ្លងទូទាំងប្រទេសមានតែ២៧៤នាក់ ជាសះស្បើយ២៦៨នាក់ និង កំពុងសម្រាកព្យាបាល ៨នាក់ ហើយពុំមានប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះរហូតដល់ស្លាប់ដោយសារជំងឺនេះទេ ភាគច្រើនការឆ្លងនេះជាការនាំចូលពីក្រៅតែប៉ុណ្ណោះ និងពុំមានការឆ្លងចូលក្នុងសហគមន៍ទេ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការិយាល័យច្រកចេញ-ចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាលឱ្យស្ថិតនៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ក្រោយពីពិធីនេះបានបញ្ចប់ ឯកឧត្តម និងសហការីអមដំណើដោយលោកអភិបាលស្រុក បានបន្តអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នង ព្រមទាំងនាំយកអំណោយ មានអង្ករ៣០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ និងថវិកា ៤០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់លោកយាយ លោកតារស់នៅគ្មានទីពឹង នៅឃុំកោះចិន ស្រុកពញាឮ ផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)