ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ —

នៅថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារទី០១ ខែកញ្ញា ឆ្នា២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ១-ពិភាក្សា អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិភាក្សា ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។ ៣-បញ្ហាផ្សេងៗ ។
ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវបំពេញឱ្យបានតាមតួនាទី និងចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគ ជ័យ។ ត្រូវបន្តបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ
រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិ បាលខេត្ត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ប្រជាកសិករ ឱ្យយកចិត្តទុកដាក់ជំរុញលើការងារធនធានទឹកដើម្បីបង្កបង្កើនផលស្រូវរដូវវស្សាដែលអាកាសធាតុឆ្នាំនេះមានការប្រែប្រួល បណ្ដាលឱ្យទឹកភ្លៀងធ្លាក់មិនពេញលេញតាមតម្រូវការរបស់កសិករ ។

ឯកឧត្តមបានជំរុញដល់មន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដាន ពិនិត្យមើលលើសកម្មភាពការងារដាំដុះស្រូវរដូវវស្សាឆ្នាំនេះឱ្យបានជាប់លាប់ ដើម្បីរួមចំណែកជាមួយប្រជាកសិករយើងសំដៅជួយពន្លឿនការងារដាំដុះ និងទាញយកប្រភពទឹកពីអាងទន្លេ និងប្រឡាយមេឱ្យបានទាន់រដូវកាល ។ ពីព្រោះថាមកដល់ពេលនេះ នៅខេត្តកំពង់ឆ្នាំងមានតំបន់ខ្លះមានភ្លៀងធ្លាក់ដោយកន្លែង រីឯតំបន់ខ្លះទៀតមានការបង្ហៀរទឹកពីប្រឡាយមេយឺតយាវក៏មិនទាន់បានជោកជាំនៅឡើយ ដែលនេះទាមទារឱ្យមន្ទីរជំនាញត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យមន្ត្រីពាកព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ផ្ដល់សេវាសាធារណៈ ពិសេសសេវាសុខាភិបាល ក្នុងគោលបំណងឈ្វេងយល់ពីផលប៉ះពាល់ជំងឺកូវី-១៩ និងកែលម្អទាំងគុណភាព និងបរិមាណ ដើម្បីផ្ដល់ឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជាគំរូទៅថ្ងៃអនាគត៕ដោយ បៃ ស៊ីថុន