ទណ្ឌិតឈ្មោះ កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ (អតីតមេគុកទួលស្លែង) បានទទួលមរណភាពហើយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម នេត្រ ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសារទុក្ខជំទាស់។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។

គួររម្លឹកថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយក៏បានស្លាប់នៅយប់ឈានចូលថ្ងៃទី០២ ខែកញ្ញា នេះតែម្តង ក្នុងអាយុ៧៨ឆ្នាំ។ ឌុច មានឈ្មោះដើមថា កាំង ហ្កេកអ៊ាវ កើតនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេកអ៊ាវ គឺជាកូនកាត់ចិនមាន បងប្អូន បង្កើត៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ៕

ដោយ ផែន រតនៈ