ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ និងបើកបរដោយមានការយោគយល់ និងអធ្យាស្រ័យគ្នា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគណៈគ្រប់គ្រងវត្តអារាមទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកបើកបរទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា ធ្វើដំណើរទៅស្រុកកំណើត ឬដើរកម្សាន្តនៅតាមរមណីយ ដ្ឋានសូមបើកបរដោយការយោគយល់អធ្យាស្រ័យគ្នា ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។

ការអំពាវនាវបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈដែល ឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធរូបសំណាក «ស្ត្រីកំពុងអង្គុយបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគណៈគ្រប់គ្រងវត្តអារាមទាំងអស់ត្រូវបង្កើនការ ប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ នូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្ត អនាម័យលាងដៃ ជាមួយសាប៊ូទឹកស្អាត ការពាក់ម៉ាស់ ឬក្រមានិងការអនុវត្តវិធានការម្លាត សុវត្ថិភាពសង្គម។ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង ក៏បានផ្តាំផ្ញើរទៅដល់អ្នកបើកបរទាំងឡាយដែលត្រូវធ្វើដំណើរ ទៅចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមទីវត្តអារាម ទាំងនៅទីក្រុង និងជនបទ ក៏ដូចជា ធ្វើដំណើរទៅស្រុកកំណើត ឬដើរកម្សាន្ត ជួបជុំក្រុមគ្រួសារនៅតាមបណ្ដារមណីយដ្ឋាននានា សូមបើកបរដោយការយោគយល់អធ្យាស្រ័យគ្នា និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ចៀឱ្យផុតពីគ្រោះថ្នាក់ចរាចរណ៍៕

ដោយ សួស សំរិត