គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំលើផ្លូវសហព័ន្ធរុស្ស៊ីរបស់ព្រីនស៍បញ្ចប់គ្រោងជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

គម្រោងខុនដូព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងមជ្ឈមណ្ឌលពា ណិជ្ជកម្មខ្នាតធំលើផ្លូវសហព័ន្ធរុស្ស៊ីរបស់ព្រីនស៍ បានបញ្ចប់គ្រោងអគារជាផ្លូវការហើយទៅ តាមកាលកំណត់របស់ក្រុមហ៊ុន ខណៈដែលបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ខ្លាំងពី អតិថិជនផងដែរ។

ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍  អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើ ឡើងកាលពីចុងសប្ដាហ៍កន្លងមកនេះ ដោយមានលោក Xu Zhixing អភិបាល ប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិ និងលោក Sun Yuxing នាយកប្រតិបត្តិរង រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត និងក្រុមហ៊ុនដៃគូសហការ។

នៅក្នុងពិធីនេះ លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបាន អញ្ជើញចូលរួម និងអបអរសាទរការបញ្ចប់ការងារគ្រោងឆ្អឹង អគារជាស្ថាពរនៃគម្រោងព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា។

លោក Sun Yuxing បានសង្កត់ធ្ងន់ថា ការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរ ប្រកបដោយគុណភាព បរិមាណ និងបញ្ចប់ទៅតាមកាលកំណត់ ជាផ្លែផ្កានៃការ ខិតខំរួមគ្នារបស់បុគ្គលិក នាយកដ្ឋាន និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានសហការ រួមគ្នាទៅវិញទៅមក។ លោកក៏បង្ហាញនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នក ដែលបានចូលរួមក្នុងកិច្ចការសាងសង់នេះ។

លោក Sun Yuxing ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងធ្វើការសហការ និងរួមគ្នាជាធ្លុងមួយ ជាមួយក្រុមហ៊ុនទាំងអស់ដែលចូលរួម ក្នុងកិច្ចការ សាងសង់នេះ ក៏ដូចជាធ្វើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះ និងបញ្ចប់ការងារសាងសង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាអគារ ពហុមុខងារទំហំជាង ២០ម៉ឺនម៉ែត្រការ៉េ តាមកាលបរិច្ឆេទដែលបានគ្រោងទុក ក្នុងគោល បំណងបង្កើតបាននូវគំរូអចលនទ្រព្យមួយក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាជនកម្ពុជា និងម្ចាស់កម្មសិទ្ធិទាំងអស់នៃគម្រោងព្រីនស៍  អ៊ីនធើណាសិនណល ផ្លាហ្សា។

ដោយចំណាយពេល ២ឆ្នាំ ចាប់តាំងពីការចាក់គ្រឹះផ្លូវការនៃគម្រោងព្រីនស៍  អ៊ីនធើណាសិនណល ផ្លាហ្សា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ការបញ្ចប់ ការងារគ្រោងឆ្អឹងអគារជាស្ថាពរ ជាពិសេសក្នុងអំ ឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំនេះ បានធ្វើឱ្យគម្រោងភាគច្រើននៅរាជធានីភ្នំពេញបានផ្អាកដំណើរការ តែគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នៅតែបន្តដំណើរការសាង សង់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្តង់ដារតឹងរឹងបំផុត ក្នុងគោលបំណងទទួលបាន នូវអគារ និងផលិតផលដែលល្អបំផុត។ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាមជ្ឈមណ្ឌលរស់នៅបែបទីក្រុងច្រកចេញចូលតែមួយ ដែលមានទំហំសរុបជាង ២០ម៉ឺន ម៉ែត្រការ៉េ ដែលបានរួមបញ្ចូលតែមួយនូវអគារការិយាល័យ5A អគារខុនដូលំដាប់ផ្កាយ វិថីពាណិជ្ជកម្ម និងអាជីវកម្មជាច្រើនផ្សេងទៀត ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត ដែលនឹងផ្តល់ជូនអ្នករស់នៅទីនេះ នូវជីវិតរស់នៅកាន់តែងាយស្រួល និងមានគុណភាពខ្ពស់។

ទន្ទឹមនឹងនេះ គម្រោងព្រីនស៍  អ៊ីនធើណាសិនណល ផ្លាហ្សា មានទីតាំងស្ថិត នៅក្នុងតំបន់ស្នូលនៃខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលជាខណ្ឌធំៗ ទាំងបីនៃរាជធានីភ្នំពេញ។ គម្រោងនេះស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងគ្រាន់តែចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ សម្រាប់ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ក្នុងចម្ងាយ ៣គីឡូម៉ែត្រនៃគម្រោងប្រមូលផ្តុំទៅដោយស្ថាប័ន រដ្ឋជាច្រើនដូចជា ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ និងទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។

លើសពីនេះ ក៏មានកន្លែងពាណិជ្ជកម្មទំនើបៗជាច្រើន ដូចជាផ្សារទំនើប Phnom Penh Megamall និង TK Avenue Mall ក៏ដូចជាស្ថាប័នអប់រំ និងមន្ទីរពិនិត្យព្យាបាលដែល មានគុណភាពខ្ពស់ ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ ភាពអំណោយផលនៃភូមិសាស្ត្រ និងការប្រមូលផ្តុំធនធានទីក្រុងដែលមានគុណភាពខ្ពស់ បានបង្កើតជាតំបន់ពាណិជ្ជកម្មថ្មីដែលមានសក្តានុពលអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ និងបាន កំណត់និយមន័យសារជាថ្មីសម្រាប់មជ្ឈមណ្ឌលទីក្រុងថ្មីនៃរាជធានីភ្នំពេញ។

បច្ចុប្បន្ន ខុនដូនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា លក់ជិតអស់ហើយ ដោយគម្រោងបានបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរផងនោះ តម្លៃរបស់គម្រោងនេះនឹង កើនឡើងជាលំដាប់។ ផ្ទះគំរូក៏នឹងត្រូវបានបើកជាផ្លូវការហើយ និងសូមស្វាគមន៍អតិថិជនទាំង ក្នុង និងក្រៅប្រទេសអញ្ជើញមកទស្សនាគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ទាំង អស់គ្នា៕

ដោយ ម៉ៅ ចរិយា