អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ចុះរុះរើសំណង់ខុសច្បាប់នៅទីបុរាណដ្ឋានត្រពាំងហែផ្កាជាលើកទី២

AKP សៀមរាប ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តសៀមរាប នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះអនុវត្តន៍ការ រុះរើរបង បន្ទប់ទឹក និងរោង របស់លោក ឃន់ សុខន ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទី បុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការចុះរុះរើ សំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំង ហែផ្កាដោយ ខុសច្បាប់មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារ ចម្រុះបានរុះរើ រាបដល់ដី និងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ ពីម្ចាស់សំណង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩រួចមកហើយ។

លោកថា អាជ្ញាធរជាតិអប្សរាបង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែ ប្រឆាំង ចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋាន ដែលជាទ្រព្យសម្បតិ្តសាធារណៈ របស់រដ្ឋដែលត្រូវការពារជាដាច់ខាត ហើយអ្វីដែលឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរ ដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ មរតកនៃបេតិកភណ្ឌ។

លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លើកឡើងថា អំពើរំលោភបំពានបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន គឺបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់ទៅតាមស្ថានភាពនៃការបំផ្លាញដែលប៉ះពាល់ដល់សម្បត្តិវប្បធម៌ទាំងនោះ។

ជាមួយនឹងការរុះរើនូវរាល់សំណង់ខុសច្បាប់ទាំងនោះ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យ៉ុង  ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ត្រពាំងហែផ្កា និងការលើកតម្លៃទី បុរាណដ្ឋាននេះឡើងវិញ តាមរយៈការស្តារត្រពាំងហែផ្កានេះឱ្យស្អាត ដើម្បីធ្វើជាប្រភពទឹក សម្រាប់អ្នកភូមិបានប្រើប្រាស់នៅពេលឆាប់ៗ ដោយអាជ្ញាធរក្រុង បានទទួលបានច្បាប់ អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចហើយដែរ។

ត្រពាំងហែផ្កា មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ ពី៤០ ទៅ៦០ម៉ែត្រ។ ត្រពាំងនេះ មានតាំងពីសម័យអង្គរ ជាសហគមន៍មនុស្សរស់នៅ ព្រោះមាន បំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេញបុរាណដ្ឋាននេះ ហើយនៅខាង ត្បូងត្រពាំង ក៏មានប្រាសាទហែផ្កាមួយដែរដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានា មនុស្សសម័យនោះ៕

ដោយ ឃុត សៅ