ក្រសួងសាធារណការ៖ គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩ភាគរយ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងនេះ សម្រេចបានប្រមាណ៤២,៩៩ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា គម្រោងនេះត្រូវបានបែងចែកជា បីផ្នែក​ធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាង​ត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤​គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣​ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

សូមបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ៥ នេះគឺមាន​សារៈសំខាន់ណាស់​សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​ ក៏ដូចជាការតភ្ជាប់វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដាប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មហាអនុតំបន់មេគង្គ ហើយក៏​ត្រូវ​បាន​ចាត់​ទុក​ថាជាផ្នែក​មួយ​នៃអាស៊ានហាយវ៉េលេខ ១(Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ដោយ រិទ្ធី