ឯកឧត្តម  ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ និងទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យមានជាលើកទី២ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ក្មួយៗយុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ ការបម្រើ មនោគមន៍វិជ្ជាបរទេស និងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កង កម្លាំងអមិត្ត និងមិនឱ្យ មានក្រុមណាមួយឬចលនាណាមួយ ទាញសង្គមជាតិរបស់យើងឱ្យធ្លាក់ក្នុងវិបត្តិកលិយុគ ដូចពេលអតីតកាល៣ឆ្នាំ៨ខែ និង២០ថ្ងៃទៀតទេ បើទោះបីក្នុងតម្លៃណាក៏ដោយ។

ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវបែបនេះ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈដែលឯកឧត្ដមបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធរូបសំណាក «ស្ត្រី កំពុងអង្គុយឱបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកស្ថិតក្នុងសង្កាត់ជើង ឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាយើងនិយាយ ដោយឡែកនៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាលនៃរបបប៉ុលពតគឺបានធ្វើឱ្យរាជធានី ភ្នំពេញក្លាយជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ជនបទ គ្មានសល់បញ្ញវន្ត ត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់ និងមានសង្គ្រាមឈ្លប និងចលនា ឧទ្ទាមពាសពេញប្រទេស ហើយហេដ្ឋារចនា សម្ព័ន្ធនានាត្រូវបាន បំភ្លេចបំផ្លាញដល់ចំណុច សូន្យ។ ឯកឧត្ដមសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ រក្សាឱ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឱ្យរបបប្រល័យ ពូជសាសន៍វិលមកជាលើកទីពីរម្ដង ទៀត។

ឯកឧត្ដមបានបញ្ជាក់ថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយឱបកូនស្ថិតនៅក្នុង បរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺដើម្បីរម្លឹកឡើងវិញនូវសច្ចធម៌ ប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ឳពុកព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬ ព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវ បានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់គ្រប់ ពេលវេលា។ ដូច្នេះយើងត្រូវតែចងចាំគ្មានថ្ងៃបំភ្លេច និងត្រូវផ្សព្វផ្សាយដល់មនុស្សជំនាន់ ក្រោយឱ្យបានយល់ដឹងកុំឱ្យរបបព្រៃផ្សៃនេះ វិលត្រឡប់មកលើសង្គមជាតិយើង ជាលើកទី២ ទៀតឱ្យសោះ។

លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានលើក ឡើងផងដែរថា រូបសំណាកស្ត្រីអង្គុយឱបកូន ក្នុងស្ថានភាពភ័យរន្ធត់ និងអស់សង្ឃឹមក្នុង ឆាកជីវិត ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រ មានខឿនពីរថ្នាក់កម្ពស់ ១,២២ម៉ែត្រ ថ្នាក់ទី១ កម្ពស់១,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កម្រាលផ្ទៃខាងលើ៩ម៉ែត្រការ៉េ និងស៊ុំបូកថ្មលាង ពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំងបួនទិស ដោយមានចារឹកអក្សរជាភាសាខ្មែរ និងអង់គ្លេស ដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ (១៧.០៤.១៩៧៥ – ០៧.០១.១៩៧៩)។ ថ្នាក់ទី២ កម្ពស់០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃកម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ។ រូបសំណាកនេះមានកម្ពស់សរុប៣,២២ម៉ែត្រ និងបានប្រើ ប្រាស់រយៈពេលនៃការសាងសង់ចំនួន ០៦ខែ៕

ដោយ សួស សំរិត