CAMSOC បន្តពិភាក្សាពន្លឿនផែនការឆ្ពោះទៅរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពន្លឿនផែនការរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារសំខាន់ៗក្រោយបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន៣ ដោយទី១ អង្គប្រជុំបានលើកឡើងនូវវិធាន នៃ​ការប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដែលជាទ្រព្យសម្បត្តិ ការការពារកម្មសិទ្ធិបញ្ញា សម្រាប់​ការផ្សព្វផ្សាយជាផ្លូវការឱ្យបានត្រឹមត្រូវ ក្រោយពីសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ របៀបវារៈទី២ គឺការរៀបចំប្រក្រតីទិនការងារ ដែលជាចំណុចសំខាន់នៃការតម្រង់​ទិសតាម​ផែនការមេ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រក្រតីទិនការងារនេះក៏ជាត្រីវិស័យ​ដើម្បីកំណត់ឱ្យបាននូវប្រសិទ្ធភាពការងារនានា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះររៀបដ៏សំខាន់មួយទៀត គឺផ្តោតសំខាន់យ៉ាងលម្អិតទៅលើផែនការទីលានប្រកួត ដែលជា ចំណុចសំខាន់ត្រៀមរៀបចំដោយបានកំណត់លើប្រភេទកីឡាដែលប្រកួតលើទឹក លើគោក មានដូចជា​ទីលានប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមបណ្តាខេត្តមួយ ចំនួនទៀត។ ឯកឧត្ដមបានបន្ដថា ការកំណត់ទីលានប្រកួតនេះនឹងត្រូវបន្តពិភាក្សាគ្នាចំនួនពីរសប្តាហ៍ទៀត ដើម្បីឱ្យកាន់តែច្បាស់លាស់តាមផែនការរបស់ខ្លួន។

ឯកឧត្ដមអគ្គលេខាធិការបានបន្ថែមថា ចំពោះពិធីបើក-បិទនៃការប្រកួតស៊ីហ្គេមនេះ គឺជាបញ្ហា​សំខាន់បំផុត ដោយមានក្រុមកងទ័ព កីឡាករ កីឡាការិនី សិស្សនិស្សិត យុវជន និងក្រុមសម្តែងសិល្បៈ សរុបប្រហែលជិត១ម៉ឺននាក់ ដែលត្រូវហ្វឹកហាត់សមត្រៀមសម្តែងក្នុងពិធីបើក-បិទ។ ជាមួយគ្នានេះ តាម​ការគ្រោងទុកយើងនឹងបំបែកការហ្វឹកហាត់សមនៅតាមទីតាំងផ្សេងៗគ្នា ដើម្បីឱ្យដល់ពេល ស៊ីហ្គេម ២០២៣ យើងមានធនធានមនុស្សគ្រប់គ្រាន់ នៅក្នុងកម្មវិធីបើក-បិទនេះ៕

 

ដោយ ហេង ណាលីន