អ្នកនាំពាកក្រសួងសុខាភិបាល៖ ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) លើអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពុំមែនជាករណីជំងឺកូវីដ១៩ នោះទេ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះថា ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) លើអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពុំមែនជាករណីជំងឺកូវីដ១៩ នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ៖ «កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានទទួលព័ត៌មានអំពីករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានរកឃើញ និងធ្វើការបែងចែកចេញដូចខាងក្រោម៖ ទី១ មានអ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ។ ទី២ អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។ ទី៣ អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា»។

លោកជំទាវបានបញ្ជាក់បន្ថែមផងដែរថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះ លទ្ធផលវិភាគវត្ថុសំណាកដែលទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: គឺបានបង្ហាញថាអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វើការអប់រំសុខភាព ដើម្បីឱ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឱ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងនេះ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

គួររម្លឹកថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានពីការពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី និងពុំមានករណីជាសះស្បើយថ្មីដូចគ្នា នៅព្រឹកថ្ងៃនេះ ដែលធ្វើឱ្យករណីឆ្លងសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ ករណីជាសះស្បើយចំនួន ២៦៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០៨នាក់ ៕ ដោយ ផែន រតនៈ