អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហគ្រិនវ័យក្មេង

AKP បាត់ដំបង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០–
នៅថ្ងៃ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេង ស្ដីពីការបង្កើតសៀវភៅមគ្គុទ្ទេសក៏វិនិយោគខេត្តបាត់ដំបង ដើម្បីធ្វើការចេញផ្សាយនាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងបាត់ដំបង លោកនាយកទីចាត់ផែនការ និងវិនិយោគ ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់ក្រុមសហគ្រិនវ័យក្មេង ដែលរៀបចំតាក់តែងសៀវភៅមគ្គុទ្ទេសក៏វិនិយោគខេត្តបាត់ដំបង គឺមិនត្រូវយកតែសក្ដានុពលតែនៅក្នុងក្រុងបាត់ដំបងទេ គឺត្រូវលើកយកអំពីសក្ដានុពលខេត្តបាត់ដំបងទាំងមូល ។ ព្រោះការចង់បានអ្នកវិនិយោគិននេះ យើងមិនអាចត្រូវការវិនិយោគតែនៅក្នុងទីក្រុងតែមួយមុខទេ គឺទូទាំងខេត្ត ព្រោះតម្រូវការនៅតាមទីជនបទនៅពេលបច្ចុប្បន្ននេះក៏មានតម្រូវការច្រើនណាស់ដែរ ។

ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបងពឹងផ្អែកទៅលើគ្រឹះសេដ្ឋកិច្ចចំនួន៣សំខាន់ គឺកសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ដូចនេះសូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ចំពោះគ្រឹះសេដ្ឋកិច្ចទាំង៣មុខនេះ ឧទាហរណ៍ផ្នែកកសិកម្ម ត្រូវរៀបរាប់ឱ្យបានច្បាស់លាស់អំពីកសិករត្រូវការថ្នាំកសិកម្មសម្រាប់យកមកប្រើប្រាស់ នៅក្នុងដំណាំកសិកម្មរបស់ពួកគាត់ តែសុទ្ធតែមានតម្លៃថ្លៃ ព្រោះរបស់ទាំងនេះត្រូវនាំចូលពីក្រៅប្រទេស ។ ដូចនេះប្រជាកសិករចង់បានការវិនិយោគរោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្ដល់តម្លៃសមរម្យដល់ប្រជាកសិករក្នុងការទិញយកទៅប្រើប្រាស់ជាដើម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា នៅក្នុងសៀវភៅនេះ ត្រូវរំលេចឱ្យបានច្បាស់ពីគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដូចជា ការបង្កើតផ្លូវកាត់ពីខេត្តបាត់ដំបងឆ្ពោះទៅរកខេត្តកោះកុង ឬគម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបជាដើម។ ត្រូវតែលើកចំណុចដែលមានសារៈសំខាន់នៅពេលដែលផ្លូវនេះកសាងរួចរាល់ជាស្ថាពរ ងាយស្រួលក្នុងការធ្វើដំណើរ ចំណាយពេលតិច និងចំណាយមធ្យោបាយកាន់តែតិចជាងមុន ។

ជាងនេះទៅទៀតឯកឧត្តម បានធ្វើការណែនាំ ដោយមិនត្រូវសរសេរតែអំពីចំណុចវិជ្ជមានសុទ្ធតែមួយមុខទេ គឺក៏ត្រូវសរសេរផងដែរអំពីបញ្ហាប្រឈមនានា ដែលកើតមានឡើង គោលនយោបាយ នីតិវិធីរាជរដ្ឋាភិបាល មានកម្រិតត្រឹមណាខ្លះ? ដើម្បីឱ្យអ្នកវិនិយោគត្រូវធ្វើការត្រៀមខ្លួនសិក្សាឈ្វេងយល់ សម្របសម្រួលចំពោះស្ថានការណ៍ដែលកើតមានឡើងនៅក្នុងខេត្តបាត់ដំបង ។ កុំឱ្យអ្នកវិនិយោគិនមានផលពិបាកដោយមិនដឹងពីស្ថានការណ៍ និតីវិធី ដែលយើងបានកំណត់ ព្រោះយើងចង់បានការវិនិយោគរយៈពេលយូរអង្វែង ផ្ដល់ផលប្រយោ ជន៍ទាំងអ្នកវិនិយោគ សេដ្ឋកិច្ច និងប្រជាពលរដ្ឋ ។

គោលបំណងនៃការតាក់តែងចងក្រងជាសៀវភៅ មគ្គុទ្ទេសក៏វិនិយោគខេត្តបាត់ដំបង គឺមានគោលបំណងធំបំផុត ធ្វើការជួយដល់ការសម្រេចចិត្តរបស់សហគ្រិនក្នុងស្រុក និងក្រៅស្រុក លើការដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ធ្វើយ៉ាងណាឱ្យដឹងច្បាស់ពីគោលនយោ បាយសេដ្ឋកិច្ចរបស់រដ្ឋបាលខេត្តបាត់ដំបង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសយល់ដឹងពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងខេត្ត ឈ្វេងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋដែលចង់បាន ដើម្បវិនិយោគិនធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ៕ដោយ៖ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)