ឯកឧត្ដម ឃួង ស្រេង៖ អគារអង្គរជ័យ ចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាច រស់នៅបានទៀតទេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅអគារអង្គរជ័យ មានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ដែលមានសភាពចាស់ទ្រុឌទ្រោមមក ប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ចៀសវាងនូវហានិភ័យផ្សេងៗកើតមានឡើង កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជា ពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះប្រមាណជិត១០០នាក់។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អគារអង្គរជ័យដែលមានទីតាំងនៅទល់ មុខអតីតអគារពាណិជ្ជកម្មប៊ីអេសនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងនឹងមហាវិថីកម្ពុជា ក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ ដូចនេះ មិនអាចបន្តរស់នៅ បានទៀតទេ វានឹងអាចកើតមាននូវហានិភ័យខ្ពស់។

ឯកឧត្ដម ឃួង ស្រេក៏បានបញ្ជាក់ផងដែរថា កាអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែល បងប្អូនប្រជាពលរដ្ឋចង់បាន។ អាជ្ញាធររាជធានីភ្នំពេញរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូន ប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺ ដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ។

ឯកឧត្តមបានបន្ដថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាម ជាអាណាព្យាបាលរបស់បងប្អូន ប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលរាជធានីភ្នំពេញនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ ឬក៏អាចឱ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។

ឯកឧត្តមបានបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឱ្យ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យ ខ្ពស់នោះទេ។

ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីបំណងរបស់ពួកគាត់ ដោយពួកគាត់ទទួលស្គាល់ថា អគារនេះពិតជាអគារចាស់ទ្រុឌទ្រោមពិតមែន និងសូមឱ្យ អាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ របៀបដូចការដោះស្រាយអគារនៅប៊ូឌីងដែរ

សូមបញ្ជាក់ថា អគារនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រ ជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ ស្មើនឹង១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវ បានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹង ជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើក ច្រើនសាររួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហ ការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយ ឱ្យបានសមស្របដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយនិងចៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕

ដោយ សួស សំរិត